មួយឆ្នាំមានធ្វើតែម្តងគត់ កម្មវិធីចុះចាប់ត្រីតាមបែបប្រពៃណី នៅបឹងត្រពាំងក្រម ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ ពិធីចាប់ត្រីដើម្បីបង្ហាញពីប្រពៃណីទំនៀមទម្លាប់ដ៏សែនសប្បាយរីករាយរបស់ប្រជាពលរដ្ឋក្នុងឃុំជាំក្រវៀន បន្ទាប់ពីប្រមូលផលកសិកម្មរួចរាល់ ពិធីនេះរំពឹងថានឹងមានការចូលរួមច្រើនកុះករពីមហាជនគ្រប់មជ្ឈដ្ឋាន។ ពីធីចាប់ត្រីបែបធម្មជាតិនេះ នឹងប្រារព្ធឡើងនៅបរិវេណបឹងត្រពាំងក្រមស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

ដោយថ្ងៃទី១៣ ខែកុម្ភៈ ជាកម្មវិធីដើរលេងកម្សាន្តទស្សនាទេសភាព នៅជុំវិញតំបន់បឹងត្រពាំងក្រម រីឯនៅរាត្រីនឹងមានកម្មវិធីរាំលេងកម្សាន្តទល់ភ្លឺ ហើយនៅថ្ងៃទី១៥ គឺជាថ្ងៃចាប់ត្រី ហើយប្រជាពលរដ្ឋ អាចប្រើប្រាស់បានតែឧបករណ៍នេសាទបុរាណប៉ុណ្ណោះ ដើម្បីចុះចាប់ត្រី រួមមានដូចជា ឈ្នាង អង្រុត និងឧបករណ៍បុរាណជាច្រើនផ្សេងទៀត ។ សូមរំលឹកថា តំបន់បឹងក្រម មានផ្ទៃដីប្រមាណ៣០ហិកតានិងផ្ទៃបឹងទំហំ១ហិកតាហើយអាជ្ញាធរស្រុក មិនដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋចុះនេសាទត្រីក្នុងបឹងក្រមនេះឡើយ គឺដើម្បីរក្សាត្រីទុក សម្រាប់ប្រារព្ធពិធីចាប់ត្រីជារៀងរាល់ឆ្នាំ៕





ប្រភព៖ វិទ្យុជាតិកម្ពុជា
រូបភាព៖ Kon Damrey Srok Page Officail