សម្តេចតេជោ៖ ពេលខាងមុខ អាចនឹងមានរោងចក្រមួយចំនួនត្រូវផ្អាកសកម្មភាពបណ្តោះអាសន្ន តែមិនមែនដោយសារ EBA ទេ គឺដោយសារជម្ងឺកូរ៉ូណា
នៅព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាក ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវ លេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ធមន្រ្តីបានមានប្រសាន៍បញ្ជាក់ផងដែរថា នៅពេលខាងមុខនេះ អាចនឹងមានរោងចក្រមួយត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្ន ដោយសារតែខ្វះវត្ថុធាតុដើមដែលនាំពីចិនមក ដោយរោងចក្រផលិតវត្ថុធាតុដើមមួយចំនួននៅប្រទេសចិនត្រូវបិទទ្វាដោយសារបញ្ហាជម្ងឺកូរ៉ូណានេះ។ ដូច្នេះសម្តេចតេជោបានបញ្ជាក់ថា បើសិនបើពេលខាងមុខនេះមានរោងចក្រមួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្ននោះ គឺមិនមែនដោយសាររឿង EBA នោះទេ សូមកុំមានការយល់ច្រឡំ។ សម្តេចតេជោមិនមានការព្រួយបារម្ភរឿងបាត់ EBA នោះទេ យើងត្រូវរៀនដកដង្ហើម និងរៀនរស់ដោយខ្លួនឯង កម្ពុជាមិនអាចយកអធិបតេយ្យភាព ទៅដោះដូរនឹងជំនួយពីបរទេសឡើយ កម្ពុជាត្រូវការសន្តិភាព និងមានឯករាជ្យភាពរបស់ខ្លួន៕


