មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានថ្លែងថាកម្ពុជាអនុញ្ញាតឲ្យនាវាទេសចរណ៍ចូល គឺបង្ហាញទឹកចិត្តដ៏ប្រពៃបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្នែកកិច្ចការមនុស្សធម៌ និងគ្មានការរើសអើងពូជសាសន៍ប្រទេសដទៃ, អាជ្ញាធរនឹងចែកក្រមាដល់អ្នកដំណើរទាំងអស់នោះ
យោងតាមប្រភពព័ត៌មាន channelnewsasia បានឲ្យដឹងថា ប្រទេសកម្ពុជាបានអនុញ្ញាតឲ្យនាវាទេសចរណ៍ចូលចតនៅកំពង់ផែព្រះសីហនុ ក្រោយប្រទេសចំនួន០៥បានបដិសេធមិនព្រមឲ្យចូលចត។ នាវាទេសចរណ៍ MS Westerdam ដែលមានផ្ទុកមនុស្សសរុប ២ ២៥៧នាក់ (ភ្ញៀវ ១ ៤៥៥នាក់ និងបុគ្គលិកនាវា ៨០២នាក់) នឹងចូលចតនៅកំពង់ផែព្រះសីហនុនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។

នាវាទេសចរណ៍ MS Westerdam ត្រូវបានប្រទេសចំនួន៥ធ្វើការបដិសេធមានដូចជា ប្រទេសថៃ ជប៉ុន កោះតៃវ៉ាន់ កោះហ្គាំ និងប្រទេសហ្វីលីពីន ក្រោយមានការភ័យខ្លាចពីវីរុសកូរ៉ូណា។ ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកដំណើរលើនាវាទេសចរណ៍នោះទទួលបានការត្រួតពិនិត្យសុខភាពជាប្រចាំ នេះបើយោងតាមប្រតិបត្តិករនាវាហូឡង់អាមេរិកដែលជាអង្គភាពមួយនៃក្រុមហ៊ុន Carnival Corp។
យោងតាមការធ្វើបទសំភាសន៍ជាមួយមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអង្គភាពសារព័ត៌មាន Freshnews បានឲ្យដឹងថា” អាជ្ញាធរកម្ពុជានឹងសម្របសម្រួលគ្រប់និតីវិធីទាំងអស់ ទាំងការត្រួតពិនិត្យសុខភាពនៅលើកប៉ាល់, មិនយកថ្លៃ Visa និងសេវាផ្សេងៗ ដែលទាំងនេះបង្ហាញទឹកចិត្តដ៏ប្រពៃបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចំពោះផ្នែកកិច្ចការមនុស្សធម៌ និងគ្មានការរើសអើងពូជសាសន៍ប្រទេសដទៃនោះទេ។ ក្រៅពីនោះអាជ្ញាធរនឹងចែកក្រមាដល់អ្នកដំណើរទាំងអស់នោះផងដែរ”៕

