ក្រុមហ៊ុន Holland America Line របស់នាវា Westerdam បានបង្ហោះសារអរគុណដល់កម្ពុជា ហើយត្រៀមចុះចតសម្រាកនៅខេត្តព្រះសីហនុរយៈពេល២-៣ថ្ងៃសិន រួចទើបឲ្យភ្ញៀវហោះហើរមកក្រុងភ្នំពេញ ដើម្បីបន្តដំណើរត្រលប់ទៅប្រទេសកំណើតវិញ
យោងតាមប្រភពព័ត៌មានរាយការណ៍ឲ្យដឹងថា ប្រទេសកម្ពុជាបានអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែព្រះសីហនុនោះ ក្រោយប្រទេស និងកោះចំនួន៥បានបដិសេធមិនឲ្យនាវានេះចូលចត។ ក្រោយត្រូវបានកម្ពុជាអនុញ្ញាតឲ្យចូលចត ក្រុមហ៊ុន Holland America Line បានបង្ហោះសារថ្លែងអំណរគុណដល់ប្រទេសកម្ពុជានៅលើគណនី Twitter ផ្លូវការរបស់ខ្លួនថា៖

“Westerdam is now sailing for Sihanoukville, Cambodia, arriving at 7am local time on Feb 13 & will remain in port for several days for disembarkation. All approvals have been received & we are extremely grateful to the Cambodian authorities for the support.” មានន័យថា “នាវា Westerdam កំពុងធ្វើដំណើរទៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា ដែលនឹងមកដល់នៅម៉ោង០៧ព្រឹក (ម៉ោងក្នុងស្រុក) ថ្ងៃទី១៣ ខែកុម្ភៈ ហើយនឹងបន្តនៅកំពង់ផែជាច្រើនថ្ងៃទៀត។ រាល់ការយល់ព្រមទាំងអស់ត្រូវបានទទួលហើយ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរកម្ពុជាសម្រាប់ការគាំទ្រនេះ”។
តាមការបញ្ជាក់ពីក្រុមហ៊ុន Holland America Line បានឲ្យដឹងថា ភ្ញៀវទេសចរទាំងអស់នៅលើនាវា Westerdam នឹងត្រូវចុះចតសម្រាកនៅខេត្តព្រះសីហនុរយៈពេល២-៣ថ្ងៃសិន បន្ទាប់មកទើបធ្វើការហោះហើរមកក្រុងភ្នំពេញ ដើម្បីបន្តដំណើរត្រលប់ទៅប្រទេសកំណើតខ្លួនវិញ។ ក្រុមហ៊ុន Holland America Line នឹងរៀបចំ និងចំណាយលើថ្លៃហោះហើរដល់ភ្ញៀវទាំងអស់។
គួរបញ្ជាក់ដែរថា នាវា Westerdam មានផ្ទុកមនុស្សសរុប ២ ២៥៧នាក់ (ភ្ញៀវ ១ ៤៥៥នាក់ និងបុគ្គលិកនាវា ៨០២នាក់) ត្រូវបានប្រទេស និងកោះចំនួន៥ធ្វើការបដិសេធមិនឲ្យចូលចត ដោយសារតែខ្លាចមានវីរុសកូរ៉ូណា៕
អត្ថបទ៖ សេម
ប្រភព៖ Twitter, hollandamerica


