ឧកញ៉ា ឌួង ឆាយ បើករថយន្តទំនើប Rolls Royce ឆ្លងស្តុបផ្លូវបំបែកជាបួន ត្រូវរថយន្តកាមេរីបើកបំពានស្តុប បុកខ្ទេចអស់មួយចំហៀង
រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបតម្លៃខ្ទង់លានដុល្លារ ម៉ាក Rolls Royce ពណ៌ស អត់មានស្លាកលេខ របស់លោកឧញ្ញា ឌួង ឆាយ ដែលបើករថយន្តដោយខ្លួនឯង ខណៈពេលកំពុងបើកឆ្លងស្តុប BS ទៅត្រង់ ស្រាប់តែត្រូវបានរថយន្តកាមេរីហាយប្រ៊ីត បើកបរដោយបុរសម្នាក់ និងនារីម្នាក់ទៀតរួមដំណើរជាមួយ បានឆ្លងស្តុបដូចគ្នា តែបំពានភ្លើងស្តុបក្រហម ទើបអកហ្សឺចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំទ្វារខាងស្តាំរថយន្ត Rolls Royce បណ្តាលឲ្យរងការខូចខាតអស់មួយចំហៀងយ៉ាងដំណំ និងមិនបណ្ដាលឲ្យមនុស្សរបួសទេ គ្រាន់តែបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នោះ ចោមរោមមើលយ៉ាងច្រើនកុះករ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោងជាង១រំលងអាធ្រាត្រ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅផ្លូវបំបែកជាបួន ស្តុបសេរីភាព (ស្តុបBS) លើផ្លូវកម្ពុជាក្រោម កែងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបុរសវ័យចំណាស់ម្នាក់សូមមិនបញ្ចេញឈ្មោះជាអ្នករត់ម៉ូតូកង់បី នៅចំណុចស្តុបកើតហតុដែលឃើញផ្ទាល់បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Rolls Royce ពណ៌ស ពុំមានស្លាកលេខនោះទេ ដែលគេស្គាល់ថាជារថយន្តរបស់លោកឧញ្ញា ឌួង ឆាយ បើកបរដោយផ្ទាល់ បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង និងភ្លើងស្តុប ពណ៌ខៀវ រថយន្តក៏បានបន្តដំណើរទៅមុខទៀត ក្នុងល្បឿនសន្សឹមៗ ។
ប្រភពបន្តថា ខណៈពេលបើកមកដល់ចំណុចកើតហេតុនោះ បានពាក់កណ្តាលស្តុបហើយ ក៏ស្រាប់តែមានរថយន្តភាគីម្ខាងទៀត ម៉ាកកាមេរីហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AY-1549 បើកបរដោយបុរសម្នាក់ និងនារីរូបស្រស់ម្នាក់ទៀតរួមដំណើរជាមួយបានបើកបរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ទាំងបំពានភ្លើងស្តុបចរាចរណ៍ (ពណ៌ក្រហម) នៅតែចង់ឆ្លងកាត់ផ្លូវបំបែកជាបួនខាងលើទៀត ទើបអកហ្សឺចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំទ្វារខាងស្តាំរថយន្ត Rolls Royce បណ្តាលឲ្យរងការខូចខាតអស់មួយចំហៀងយ៉ាងដំណំ ចំណែករថយន្តកាមេរីហាយប្រីតវិញ រងការខូចខាតកាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំផងដែរ តែមិនបណ្ដាលឲ្យមនុស្សរបួសទេ គ្រាន់តែបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នោះ ចោមរោមមើលយ៉ាងច្រើនកុះករ ។
ភ្លាមនោះបុរសដែលម្ចាស់រថយន្តកាមេរីហាយប្រ៊ិត បានចុះទៅលុតជង្គង់ និងសំពះសុំទោសលោកឧកញ៉ា ឌួង ឆាយ ព្រមទទួលស្គាល់កំហុសរបស់ខ្លួនផងដែរ ដើម្បីឲ្យលោកឧកញ៉ាលើកលែងទោស ប៉ុន្តែដោយសារតែអ្នកបើករថយន្តកាមេរីហាយប្រីតនេះ បើកបរទាំងបំពានភ្លើងស្តុបចរាចរណ៍ ទើបបានជាមកបុករថយន្តរបស់គាត់ ដូច្នេះហើយលោកមិនព្រមលើកលែងអោយទេ និងខឹងយ៉ាងខ្លាំងផងដែរ ។
បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងផ្នែកវាស់វែងខណ្ឌ ប្រគល់អោយជំនាញ ចុះមកវាស់វែងរថយន្តទាំងពីរគ្រឿង រួចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយទៀត។ គួរបញ្ជាក់ថា នេះជាលើកទី៣ហើយដែលរថយន្តស៊េរីទំនើប ម៉ាក RollsRoyce របស់ឧកញ៉ាឌួង ឆាយ ត្រូវរងការបុកនិងប៉ះទង្គិច ។

ដោយលើកទី១ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលពីអ្នកបើកម៉ូតូកង់៣បើកបញ្ច្រាសទិសទាំងអាការៈស្រវឹងស្រា និងប៉ះទង្គិចរថយន្តទំនើបរបស់លោកឧកញ៉ា ឌួង ឆាយ កាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ បានបញ្ចប់ដោយសន្តិវិធី បន្ទាប់ពីលោកឧកញ៉ាបានអនុគ្រោះដល់អ្នកបើកកង់៣។ ការបញ្ចប់ករណីគ្រោះថ្នាក់ចរាចរណ៍ដោយសន្តិវិធីនេះធ្វើឡើងនៅពេលភាគីទាំងពីរបានចូលខ្លួនទៅសម្របសម្រួលគ្នានៅអធិការដ្ឋាននគរបាលចរាចរណ៍ខណ្ឌទួលគោក នាល្ងាចថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០១៧កន្លងទៅ។
ដោយលើកទី២ មានគ្រោះថ្នាក់ចរាចរណ៍ ដោយបុរស២នាក់ បានជិះម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FI-1094 ក្នុងល្បឿនលឿន មកបុកប៉ះរថយន្តស៊េរីទំនើបកប់ពពក របស់លោកឧកញ៉ា ឌួង ឆាយ ម៉ាក Roll Royce ពណ៌ស រងការខូចខាត វេលាម៉ោងជាង១០យប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកឧកញ៉ា ឌួង ឆាយ បានបង្ហាញពីអារម្មណ៍សោកសៅ ស្តាយរថយន្តរបស់គាត់ ដែលគាត់មានបំណងរក្សាទុកជា កេរ្តិ៍ប្រចាំត្រតូល។ ក្នុងពេលនោះ លោកឧកញ៉ា ក៏បានបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាពជាសាធារណៈ នៃគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ។
ក្នុងនោះដែរ លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះសារសរសេរថា« ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយ និងឈឺចាប់បំផុតពេលដែលគេបុកឡានខ្ញុំហើយមិនដឹងកំហុសខ្លួនឯង ខ្ញុំនឹងមិនលើកលែង ទោសអោយមនុស្សដែលមិនស្គាល់ពីកំហុសរបស់ខ្លួនឯង និងមនុស្សត្រូវចាប់ផ្តើមរៀនទទួលលទ្ធផលនៃកំហុសរបស់ខ្លួនឯង ជាពិសេសម៉ូតូបើកបរមិនគោរពច្បាប់ចរាចរណ៍ និងស្មារតីក្រោមជាស្រវឹង ។ មាសប្រាក់មិនសំខាន់ សំខាន់ឡានខ្ញុំគេឈប់ផលិត និងខ្ញុំមានបំណងទុកជាកេរ្តិ៍ប្រចាំត្រកូលរហូត» ៕
អត្ថបទ & រូបភាព៖ បងម៉េង










