ឯកឧត្តម គួច ចំរើន៖ ភ្ញៀវទេសចរនៅលើនាវា គឺមិនមានឲ្យស្នាក់នៅក្នុងក្រុងព្រះសីហនុទេ ហើយអ្នកនៅលើនាវានោះក៏មិនអនុញ្ញាតឲ្យចេញពីនាវាដោយសេរីដែរ
ខេត្តព្រះសីហនុ៖ គិតមកត្រឹមម៉ោង ១១ ព្រឹកនេះ នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមិនទាន់បានចូលចតកំពង់ផែនៅឡេីយទេ។ ក្នុងនោះផងដែរ អាជ្ញាធរក៏មិនអនុញ្ញាតអោយមានមនុស្សចូលទៅជិតនាវាឡេីយ ហេីយក៏មិនអនុញ្ញាតអោយភ្ញៀវនៅលេីកប៉ាល់ចេញពីនាវាដោយសេរីដែរ លេីកលែងតែគ្រូពេទ្យពិនិត្យសុខភាពរួច។
តាមរយៈការផ្តល់កិច្ចសំភាសន៍របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា “តាមការរៀបចំ គឺយើងមិនមានឲ្យមានការស្នាក់នៅក្នុងក្រុងព្រះសីហនុទេ យើងបានឯកភាពក្នុងការរៀបចំថា យើងនឹងធ្វើការពិនិត្យពួកគាត់នៅលើកប៉ាល់ ហើយក្នុងចំណោមអ្នកនៅលើកប៉ាល់ គឺមិនមានតម្រូវការក្នុងការចុះទាំងអស់ទេ គាត់ចុះតែទេសចរមួយចំនួនណា ដែលគាត់បានទិញសំបុត្រយន្តហោះរួចហើយ ដើម្បីបន្តដំណើរតាមផ្លូវហោះហើរតែប៉ុណ្ណោះ ហើយក្រុមការងារដែលឡើងទៅលើកប៉ាល់ កំពុងធ្វើការរៀបចំតើទេសចរណាខ្លះ ដែលមានសំបុត្រយន្តហោះហើយនឹងត្រូវបន្តដំណើរតាមជើងយន្តហោះ”។ ឯកឧត្តមបានបញ្ជាក់ថា យើងក៏បានត្រៀមរថយន្ត សម្រាប់ដឹកភ្ញៀវទេសចរចេញពីកប៉ាល់ឆ្ពោះទៅព្រលានយន្តហោះ កេងកង ខេត្តព្រះសីហនុ ផងដែរ៕






