គិតត្រឹមម៉ោង៣រសៀលនេះ អ្នកដំណើរទេសចរប្រមាណ២ពាន់នាក់ មិនទាន់អនុញ្ញាតអោយចុះពីនាវាឡើងមកលើកំពង់ផែនៅឡើយទេ
ខេត្តព្រះសីហនុ៖ គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២០នេះ អ្នកដំណើរទេសចរទាំងអស់មិនទាន់អនុញ្ញាតអោយចុះពីនាវាឡើងមកលើកំពង់ផែនៅឡើយ ចំណែកនាវាទេសចរណ៍នេះកំពុងឈប់សំចតនៅឆ្ងាយពីចំណតផែប្រមាណជា៣គីឡូម៉ែត្រ ដើម្បីអាជ្ញាធរនិងផ្នែកជំនាញពាក់ពន្ធ័បំពេញនីតិវិធីផ្សេងៗ ស្របពេលដែលមន្ត្រីតំណាងអង្គទូតនានាក៏មានវត្តមាននៅកំពង់ផែដែរ។

បើតាមមន្ត្រីអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់បណ្តាញផ្សព្វផ្សាយថា ក្នុងចំណោមអ្នកទេសចរណ៍និងកងនាវិកទាំងអស់ជាង២០០០នាក់ មិនមានអ្នកឆ្លងមេរោគថ្មីនេះឡើយ បើទោះជាមានអ្នកដំណើរចំនួនប្រហែល២០នាក់ មានអាការៈមិនស្រួលខ្លួនបន្តិចបន្តួចយ៉ាងណាក្តី។ យោងតាមបទសម្ភាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល និងឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុប្រាប់បណ្តាញផ្សព្វផ្សាយថា នៅថ្ងៃ១៤កុម្ភៈ២០២០ ក្នុងចំណោមអ្នកដំណើរទាំងអស់ មានមួយចំនួននឹងធ្វើដំណើរតាមយន្តហោះត្រឡប់ទៅប្រទេសកំណើតវិញ ក្នុងនោះអាជ្ញាធរកម្ពុជានឹងជួយសម្រួលសព្វបែបយ៉ាងក្នុងន័យមនុស្សធម៌។
សូមរំលឹកថានាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយគ្រឿងឈ្មោះ Westerdam ដែលផ្ទុកមនុស្សជាង២២០០នាក់ ចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកទី១៣ ខែកុម្ភៈ ក្រោយពីប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី៕



ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង