ព័ត៌មានជាតិ

អង្គការទេសចរណ៍ពិភពលោក ផ្ញើលិខិតអរគុណ និងកោតសរសើរ សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា

BY
Khmernote Media
February 15, 2020

យោងតាមរយៈលិខិតចុះថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili) អគ្គលេខាធិការ អង្គការទេសចរណ៍ពិភពលោក បានផ្ញើលិខិតកោតសរសើរមួយច្បាប់តាមរយៈ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងលិខិតនោះបានសរសេរថា៖

«ខ្ញុំសូមសំដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ក្នុងនាមអង្គការទេសចរណ៍ពិភពលោក ( World Tourism Organization) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបប្រកបដោយមនុស្សធម៌គួរឲ្យកត់សំគាល់ចំពោះស្ថានភាពដ៏លំបាកនៃនាវាទេសចរណ៍ MS Westerdam ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងអនុញ្ញាតឲ្យចុះចតនៅកំពង់ផែខេត្តព្រះសីហនុ បើទោះបីស្ថិតក្នុងស្ថានភាពនៃការភ័យខ្លាចនៃជំងឺវីរុសកូរ៉ូណា (Covid-19) ក៏ដោយ។ ដូចយើងទាំងអស់គ្នាបានដឹងហើយ ការរីករាលដាលនៃជំងឺវីរ៉ុសកូរ៉ូណានាពេលបច្ចុប្បន្ននេះ គឺជាប្រភពនៃការព្រួយបារម្ភចំពោះសហគមន៍អន្តរជាតិ ហើយការខិតខំប្រឹងប្រែងដើម្បីទប់ទល់ការឆ្លងនៃជំងឺ និងការបង្កើតនូវការព្យាបាលមួយ គឺជាការងារបន្ទាន់ចាំបាច់ដែលត្រូវដឹកនាំអនុវត្តដោយអង្គការសុខភាពពិភពលោក (WHO)។ រដ្ឋាភិបាលចិនបាននិងកំពុងចាត់វិធានការដោយប្រុងប្រយ័ត្នស្មើដៃគ្នា ព្រមជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភពលោក និងដៃគូពាក់ព័ន្ធនានាដើម្បីទប់ទល់ទៅនឹងការរាតត្បាតនៃជំងឺនេះ។ អង្គការទេសចរណ៍ពិភពលោកក៏កំពុងពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តន៍នៃជំងឺវីរ៉ុសកូរ៉ូណានេះ តាមរយៈកិច្ចប្រជុំជាប់ជាប្រចាំជាមួយអង្គការសុខភាបពិភពលោក ហើយយើងមានសេចក្តីរីករាយដែលបានដឹងថា អត្រានៃការឆ្លងជំងឺនេះមានការថយចុះ។ យើងពិតជាមានមោទនភាពណាស់ចំពោះការបង្ហាញចេញរបស់កម្ពុជានូវសាមគ្គីអន្តរជាតិ ដែលនឹងលើកទឹកចិត្តដល់ប្រទេសផ្សេងៗទៀតអោយធ្វើតាម និងផ្តល់នូវការជួយគាំទ្រដ៏ចាំបាច់ជាច្រើននៅពេលណាដែលមានតម្រូវការ»។

ទន្ទឹមនឹងនោះដែរ លោកអគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក ក៏បានកោតសរសើរដ៏ស្មោះចំពោះសេចក្តីក្លាហាន និងការបង្ហាញយ៉ាងកក់ក្តៅនូវក្តីស្រលាញ់ជាលក្ខណៈបងប្អូន ជូនចំពោះអ្នកដំណើរជាងពីរពាន់នាក់ ដែលនៅតែលតោលលើសមុទ្រ។ គួរបញ្ជាក់ផងដែរថា នាវាយក្ស Westerdam ដែលផ្ទុកអ្នកដំណើរប្រមាណជាង២២០០នាក់ បានចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ កាលពីម្សិលមិញនេះ ហើយមន្ត្រីសុខាភិបាល ក៏បានធ្វើការសម្របសម្រួលត្រួតពិនិត្រសុខភាព របស់ភ្ញៀវទាំងមុននឹងអោយធ្វើការចុះពីនាវា និងធ្វើដំណើរបន្តទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister

Share This Post: