ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់សម្ភារៈបរិក្ខារពេទ្យដូចជា អាវបំពង់ អាកុលសម្អាតដៃ វ៉ែនតាការពារសុវត្ថិភាព និង ស្រោមដៃ ដល់កម្ពុជា

BY
Khmernote Media
February 15, 2020

យោងតាមការប្រកាសរបស់ ស្ថានទូតជប៉ុននៅកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជូនព្រះរាជាណាចក្រកម្ពុជានូវសម្ភារៈបរិក្ខារពេទ្យដែលរួមមាន អាវបំពង់៩,៣៦០សម្រាប់ អាកុលសម្អាតដៃ៤៨០ វ៉ែនតាការពារសុវត្ថិភាព៥៤០ និងស្រោមដៃ២៤,៤០០គូ ជាដើម ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹង ការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសកលលោក ។ សម្ភារៈទាំងនេះគឺជាផ្នែកមួយនៃឧបករណ៍ការពារខ្លួនដែលមូលនិធិអាស៊ី-អឺរ៉ុប(ASEF)បានស្ដុកទុកក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន ។

សម្ភារៈទាំងនេះនឹងត្រូវបានផ្ញើមកដល់កម្ពុជាពីឃ្លាំងនៅប្រទេសសឹង្ហបុរីដោយមានការសម្របសម្រួលពីការិយាល័យអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិច(WPRO)។ ការលើកស្ទួយកិច្ចសហប្រតិបត្តិការអន្តរជាតិគឺមិនអាចខ្វះបានដើម្បីការពារការរីករាលដាលថែមទៀតនៃការឆ្លងវីរ៉ុសកូរ៉ូណាប្រភេទថ្មី។ ជាមួយគ្នានេះ ប្រទេសជប៉ុនចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។ មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦នៅប្រទេសសឹង្ហបុរី ជាអង្គភាពអចិន្ត្រៃន៍មួយនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ដែលមានសកម្មភាពជាច្រើនផ្ដោតទៅលើវិស័យវប្បធម៌-សង្គម៕

ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា

Share This Post: