ព័ត៌មានជាតិ

ក្រសួងសុខាភិបាលកម្ពុជា នៅតែទាមទារឲ្យអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី ពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ ចំពោះករណីស្ត្រីជនជាតិអាមេរិកាំងមានផ្ទុកវីរុសកូរ៉ូណា ក្រោយចាកចេញពីកម្ពុជា ដើម្បីបញ្ជាក់ពីសុក្រិតភាពនៃលទ្ធផល

BY
Khmernote Media
February 16, 2020

មុននេះបន្តិច ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាស ជុំវិញករណី ដែលប្រទេសម៉ាឡេស៊ីអះអាងថារកឃើញស្ត្រីជនជាតិអាមេរិកាំងម្នាក់មានផ្ទុកវីរុសកូរ៉ូណាថ្មី COVID-19 ក្រោយស្ត្រីរូបនោះបានចាកចេញពីប្រទេសកម្ពុជា ដោយក្រសួងសុខាភិបាលកម្ពុជាបានអះអាងថា ក្រសួងបានធ្វើការទំនាក់ទំនងយ៉ាងជិតស្និតតាមបណ្តាញព័ត៌មាននិយ័តកម្មសុខភាពអន្តរជាតិ២០០៥ (IHR 2005) របស់អង្គការសុខភាពពិភពលោក ដោយមានការពិភាក្សាគ្នាជាមួយអង្គសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក (USCDC) វិទ្យាស្ថានបាស្ទ័រកម្ពុជា (IPC) ហើយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅតែទាមទារឲ្យអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីមានការត្រួតពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវលទ្ធផល ដែលបានប្រកាសចេញដោយអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីកាលពីយប់មិញ ដែលក្រសួងសុខាភិបាលកម្ពុជាបានសង្កេតឃើញមានការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានក្នុងប្រទេស ដើម្បីបញ្ជាក់ពីសុក្រិតភាពនៃលទ្ធផលធ្វើតេស្តលើស្ត្រីជនជាតិអាមេរិកាំងម្នាក់ អាយុ៨៣ឆ្នាំ នៅប្រទេសម៉ាឡេស៊ី។

បច្ចុប្បន្នក្រសួងក៏កំពុងតែធ្វើការស្រាវជ្រាវ រុករកករណីសង្ស័យបុគ្គល ដែលមានវីរុសកូរ៉ូណាថ្មី (COVID-19) ក្នុងចំណោមអ្នកទេសចរណ៍ ដែលនឹងត្រូវបន្តដំណើរតាមជើងហោះហើរនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះផងដែរ។

សូមបញ្ចាក់ដែរថា ក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសថា ខ្លួនបានរកឃើញនូវករណីវិជ្ជមាននៅលើស្រ្តីវ័យ៨៣ឆ្នាំម្នាក់ ដែលអ្នកដំណើរតាមនាវា Westerdam  ដែលបានហោះចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ចំណែកឯប្តីរបស់គាត់ត្រូវបានគេធ្វើតេស្តដូចគ្នា ប៉ុន្តែរកមិនឃើញមានវីរុសកូរ៉ូណាថ្មីនៅក្នុងខ្លួនឡើយ៕

អត្ថបទ៖ សេម

Share This Post: