អភិបាលខេត្តសៀមរាប កោតសរសើរ និងអរគុណ ចំពោះសកម្មភាពចុះស្តាលូ ប៉ុន្តែក៏ផ្តាំផ្ញើឲ្យគិតគូរពីសុខភាព ព្រោះចុះទៅក្នុងទឹកលូកខ្វក់គឺមានហានិភ័យចំពោះសុខភាពខ្លាំងណាស់
- February 17, 2020
កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវសកម្មភាពគួរឲ្យកោតសរសើរដោយមានមនុស្សប្រុសស្រីមួយក្រុម ដែលជាបុគ្គលិក សហគ្រាសម៉ាដាម ឃ្លីន បានចុះកាយប្រមូលសម្រាមផ្ទាល់នៅក្នុងទឹកលូផ្ទាល់ នៅស្វាយដង្គំ ខេត្តសៀមរាប។ សកម្មភាពបែបនេះធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង ក្នុងនោះផងដែរក៏មានការព្រួយបារម្ភចំពោះសុខភាពដោយពួកគេបានចុះទៅកាយប្រមូលសម្រាមនៅក្នុងទឹកលូផ្ទាល់។
ដោយនៅព្រឹកថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២០ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងអាជ្ញាធរសង្កាត់ស្វាយដង្គំ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងបុគ្គលិក សហគ្រាសម៉ាដាម ឃ្លីន បន្ទាប់ពីបានឃើញនូវសកម្មភាព ចូលរួមកិច្ចការងារសង្គម តាមរយៈធ្វើការប្រមូលសំរាម ចេញពីក្នុង ប្រពន្ធ័លូបង្ហូរទឹកស្អុយ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី១៤ ខែកុម្ភះឆ្នាំ២០២០កន្លងទៅ ។
ក្នុងឪកាសជួបសំណេះសំណាលនេះដែរ លោកអភិបាលក្រុងសៀមរាប ក៏បានពាំនាំមតិរបស់ ឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប ថ្លែងកោតសរសើរ និងអរគុណ ចំពោះទឹកចិត្តចូលរួមថែរក្សាបរិស្ថាន របស់គណៈគ្រប់គ្រង និងបុគ្គលិក សហគ្រាសម៉ាដាម ឃ្លីន ដែលនេះជាមូលដ្ឋានគ្រឹះ ក៏ជាវប្បធម៌ចូលរួមសាមគ្គីជាកំលាំងដើម្បីអភិវឌ្ឍក្រុងរបស់យើងរួមគ្នា។ ប៉ុន្តែឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើអោយធ្វើការណែនាំ គិតគូអំពីបញ្ហា សុវត្ថិភាព និងសុខភាពរបស់បុគ្គលិក ក្រុមហ៊ុន ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតផងដែរ។ ព្រោះការចុះ ទៅក្នុងទឹកកខ្វក់បែបនេះ គឺមានហានិភ័យចំពោះសុខភាពខ្លាំងណាស់ ព្រោះឯកឧត្តមអភិបាលខេត្ត បានចាត់ទុកបញ្ហាសុខភាព និងសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ជាកត្តាសំខាន់ជាងអ្វីៗទាំងអស់។
លោកអភិបាលក្រុងសៀមរាប ក៏បានណែនាំ អាជ្ញាធរមូលដ្ឋាន ទាំងអស់អោយបន្តស្វាគមន៍ចំពោះ ការចូលរួមគ្រប់សកម្មភាព និងបំណងរបស់បងប្អូនប្រជាពលរដ្ឋ តែហាមដាច់ខាតនូវរាល់កិច្ចការណាដែលមានហានិភ័យ ដែលអាចបង្កគ្រោះថ្នាក់ទាំងសុវត្ថិភាព និងសុខភាពរបស់ប្រជាពលរដ្ឋ ជាក់ស្តែងដូចជាការចុះបារសំរាមតាមលូទឹកកខ្វក់នេះ។ លោកអភិបាលក្រុងក៏បានណែនាំអោយអាជ្ញាធរមូលដ្ឋាន កងកម្លាំង និងមន្ត្រីជំនាញទាំងអស់ ដែលទទួលខុសត្រូវលើបញ្ហាបរិស្ថាន ត្រូវបង្កើនការទទួលខុសត្រូវ នូវរាល់កិច្ចការរបស់ខ្លួន ហើយ ត្រូវណែនាំនិងហាម បងប្អូនប្រជាពលរដ្ឋ កុំអោយប្រថុយប្រថានធ្វើការងារណាដែលមានហានិភ័យ បែបនេះទៀតដាច់ខាត និង ត្រូវរៀបចំផែនការណ៍ ថែរក្សា បរិស្ថានក្នុងមូលដ្ឋានរបស់ខ្លួន អោយបានច្បាស់លាស់ ទាំងពេលវេលា និងសម្ភារៈប្រើប្រាស់ ដែលច្បាស់ប្រាកដថាគ្មានហានិភ័យដល់សុខភាព ហើយផ្សព្វផ្សាយ និងស្វាគមន៍រាល់បណ្តារ សហគ្រាស ក្នុងវិស័យឯកជន ដែលមានបំណង ស្មគ្រ័ចិត្តចូលរួម ដើម្បី រួមគ្នាធ្វើគ្រប់បែបយ៉ាង ដើម្បីអោយក្រុងសៀមរាបយើង កាន់តែមាន សោភ័ណភាពអនាម័យ និងបរិស្ថានល្អផងដែរ៕
ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប
- Share This Post: