ព័ត៌មានជាតិ

បុរសនារី៣នាក់ បើករថយន្តបាឡែនចេញពីក្លឹប រវល់ឱនរើសឆ្នាំងសាក មិនប្រយ័ត្នក៏ជ្រុលទៅបុក បង្គោលខ្សែកាបអុបទិក បាក់អស់មួយដើមនិងប៉ះកង់បីឥណ្ឌាមួយគ្រឿងខូតខាត

BY
Khmernote Media
February 18, 2020

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ បុរសនារី៣នាក់ ទើបចេញពីក្លឹប បើករថយន្ត កាម៉ារី បាឡែន មួយគ្រឿង ខ្វះការប្រុងប្រយ័ត្ន ខណៈអ្នកបើកបររវល់ឱនរើសឆ្នាំង សាកទូរស័ព្ទ ក៏ជ្រុលទៅបុក បង្គោលខ្សែកាបអុបទិក បាក់អស់មួយដើម និងរុញផ្ទប់កង់បីឥណ្ឌាមួយគ្រឿងទៀត ចតលើចិញ្ចើមផ្លូវ រងការខូចខាត តែសំណាងល្អ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែរងការខូចខាត រថយន្ត និងកង់បី រួមទាំងបង្គោលភ្លើងប៉ុណ្ណោះ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៤:១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចស្តុប វត្តលង្កា លើផ្លូវព្រះសីហនុ កែងផ្លូវបាស្ទ័រ(ផ្លូវ៥១) ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមសម្ដីនារីរូបស្រស់ដែលជាអ្នករួមដំណើរក្នុងរថយន្តបានរៀបរាប់ប្រាប់ អ្នកយកព័ត៌មានយើងថា នៅមុនពេលកើតហេតុ ពួកគាត់មានគ្នាប្រុសស្រី៣នាក់ បានបើករថយន្តមួយគ្រឿង ម៉ាក កាម៉ារីបាឡែន ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AC-0221 បើកបរ ដោយបុរសម្នាក់ និងបុរសម្នាក់ទៀតជាអ្នកអង្គុយខាងមុខ ចំណែករូបនាងអង្គុយក្រោយ បានធ្វើដំណើរជាមួយគ្នា ទើបចេញពីក្លឹប EDM បំណងត្រលប់ទៅផ្ទះវិញ ដោយបានតាមបណ្ដោយផ្លូវ សុរាម្រិត ទិសដៅពីកើតមកលិច ក្នុងល្បឿនយឺតល្មម លុះមកដល់ផ្លូវកោងកាត់មកផ្លូវព្រះសីហនុ ស្រាប់តែអ្នកបើកបរ រវល់ឱនរើសឆ្នាំងសាកទូរស័ព្ទ មិនប្រយ័ត្ន ក៏ជ្រុលឡើងទៅលើចិញ្ចើមផ្លូវ បុក បង្គោលខ្សែកាបអុបទិកថ្មមួយដើម បាក់ខ្ទេចត្រឹមគល់ រុញផ្ទប់ទៅប៉ះកង់បីឥណ្ឌាមួយគ្រឿងទៀត ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1HO-9685 ដែលចតលើចិញ្ចើមផ្លូវ តែសំណាងល្អ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែរងការខូចខាត រថយន្ត និងកង់បី រួមទាំងបង្គោលភ្លើងប៉ុណ្ណោះ បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច មូលដ្ឋានចុះមកពិនិត្យមើល ផងដែរ។

បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចផ្នែកវាស់វែង ចរាចរណ៍ នៃអធិការដ្ឋានខណ្ឌដូនពេញ ហើយភាគីខាង កង់បីឥណ្ឌា និងម្ចាស់រថយន្តបង្ក ដោះស្រាយមិនត្រូវរូវគ្នានោះទេទៀត ទើបសមត្ថកិច្ច អោយជំនាញ ចុះមកស្ទូចយករថយន្តបង្ក និងកង់បីឥណ្ឌារងគ្រោះ យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការនិងដោះស្រាយបន្តពេលក្រោយទៀត៕

អត្ថបទ៖ បងម៉េង

Share This Post: