សង្ស័យមានវិបត្តិ នារីជាសន្តិសុខម្នាក់ លោតសម្លាប់ខ្លួន ពីលើអគារជាន់ទី៣ បន្សល់ទុកកូនប្រុសកំព្រា២នាក់ មិនដឹងមានអ្នកណាជួយថែរក្សាបីបាច់ទេ
រាជធានីភ្នំពេញ ៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង បង្កការភ្ញាក់ផ្អើលដល់បងប្អូនកម្មករសំណង់ក្នុងការដ្ឋានបុរីជីបម៉ុង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលទាំងថ្ងៃ បន្ទាប់ពីប្រទះឃើញស្ត្រីសន្តិសុខបុរីជីបម៉ុងលោតសម្លាប់ខ្លួន ពីលើអគារការដ្ឋានកំពុងសាងសង់ក្នុងបុរីជីបម៉ុងលែន បោកក្បាលស្លាប់ មិនដឹងតាំងពីម៉ោងប៉ុន្មាន (ដោយមិនទាន់ដឹងមូលហេតុអ្វីនោះទេ) ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ចុះទៅកន្លែងកើតហេតុ សហការជាមួយសមត្ថកិច្ចជំនាញ កោសល្យវិច្ឆ័យ ចុះត្រួតពិនិត្យ មើល និងនាំយកសពជនរងគ្រោះទៅតម្កល់នៅ វត្តចាក់អង្រែក្រោម ដើម្បីកោសល្យវិច្ឆ័យ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១:៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចអគារកំពុងសាងសង់ជាន់ទី៣ បុរីជីបម៉ុងលែន ផ្លូវបេតុងជីបម៉ុង ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ សូ ស្រីលក្ខ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខបុរីជីបម៉ុង ស្នាក់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កម្លាំងជំនាញកោសល្យវិច័យបានប្រាប់ឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយប៉ះទង្គិចក្បាលធ្ងន់ធ្ងរ (ធ្វើអត្តឃាត) មូលហេតុ សង្ស័យមានវិបត្តិផ្លូវចិត្ត។ សពត្រូវបានប្រគល់ជូនក្រុមគ្រូសារយកធ្វើបុណ្យនៅវត្តចាក់អង្រែក្រោម។
សូមបញ្ជាក់ថា ស្រ្តីរងគ្រោះបានលែងលះគ្នាជាមួយប្ដីរយៈពេល ៥ឆ្នាំហើយ បន្សល់ទុកកូនប្រុសកំព្រា ២នាក់ មិនដឹងមានអ្នកណាជួយថែរក្សាបីបាច់ទេ ហើយក៏លែងមានភាពកក់ក្ដៅទៀតដែរ ពេលដែលឃើញសាកសពម្ដាយភ្លាម ក្មេងប្រុសទាំង ២នាក់ បានស្រែកទ្រហោយំ ស្រណោះអាឡោះអាល័យគ្មានថ្ងៃវិលត្រឡប់វិញទេ ពួកគេទាំង ២នាក់ កំពុងតែរៀនសូត្រ ហើយអាយុទើបតែ ៥ឆ្នាំ និងម្នាក់ទៀត អាយុ ១០ឆ្នាំ តាមប្រភពព័ត៌មានពីសាច់ញាតិបានបញ្ជាក់ថា ជីវភាពរបស់គាត់ខ្វះខាតមែនទែន សូម្បីតែរាល់ថ្ងៃផ្ទះក៏ជួលគេនៅ៕



អត្ថបទ៖ បងម៉េង