ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលស្វាគមន៍ និងផ្តល់ជូនក្រម៉ាធ្វើពីសូត្រជាអនុស្សាវរីយ៍ ជូនអ្នកដំណើរ ២៣៣រូបចុងក្រោយ ចុះពីលើនាវា Westerdam
នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលស្វាគម៍អ្នកដំណើរចំនួន ២៣៣រូបចុងក្រោយ ចុះពីលើនាវា Westerdam ដោយការទទួលបដិសណ្ឋារកិច្ច និងជូនដំណើរនេះ ឯកឧត្ដមបានផ្តល់ជូនក្រមាធ្វើពីសូត្ររបស់កម្ពុជា ជាកាដូអនុស្សាវរីយ៍ជូនដល់ភ្ញៀវទេសចរណ៍ទាំងនោះ។

ការចាកចេញពីនាវារបស់អ្នកដំណើរចម្រុះជាតិសាសន៍នេះ ធ្វើឡើងក្នុងគោលបំណងធ្វើដំណើរទៅកាន់ប្រទេសរបស់ខ្លួន តាមរថយន្តក្រុងចំនួន១០គ្រឿង ចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ រួចទើបបន្តដំណើរតាមជើងហោះហើរពីរាជធានីភ្នំពេញ ទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ។

សូមជម្រាបជូនថា អ្នកដំណើរទាំងនោះ មុនអនុញ្ញាតឱ្យចាកចេញពីនាវា សុទ្ធតែត្រូវបានឆ្លងកាត់ការវាស់កំដៅ និងតេស្តសុខភាពដោយមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលប្រយុទ្ធនឹងជម្ងឺឆ្លងសហរដ្ឋអាមេរិក UNCDC ដើម្បីធានាថាពិតជាគ្មានវត្តមានមេរោគ COVD-19 ។ មិនតែប៉ុណ្ណោះបុគ្គលិករបស់កប៉ាល់ក៏នឹងត្រូវពិនិត្យសុខភាពវាស់កម្តៅ ឡើងវិញ មុនពេលអនុញ្ញាឱ្យនាវាចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។
លោក Orlando Ashford ប្រធានក្រុមហ៊ុន Holland American Line ដែលជាម្ចាស់នាវា Westerdam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអាជ្ញាធរកម្ពុជា ដែលមានសន្តានចិត្តដ៏ល្អប្រកបដោយភាពកក់ក្តៅ និងជួយថែរក្សាទទួលអ្នកដំណើរ និងពិនិត្យជំងឺជូនដល់អ្នកដំណើរ ជាពិសេសដែលបានអនុញ្ញាតឲ្យកប៉ាល់ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ៕






រូបភាពនិងប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន