ព័ត៌មានជាតិ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ឧបត្ថម្ភថវិកា៨លានរៀល ជូនគ្រួសារសពលោកតាធាក់ស៊ីក្លូដែលជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់យ៉ាងអាណោចអាធ័ម ហើយរថយន្តបង្កបើករត់បាត់

BY
Khmernote Media
February 20, 2020

ជាមួយការចូលរួមសោកស្តាយ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យក្រុមការងារដឹកនាំដោយឯកឧត្តម ជិន ប៊ុនធឿន នាំយកអំណោយនិងឧបត្ថម្ភថវិកា៨លានរៀលជូនគ្រួសារសពលោកតាធាក់ស៊ីក្លូ ឈ្មោះ កង អឿន អាយុ៧៧ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីដោះស្រាយការលំបាកផ្សេងៗ។

លោកតាមានភរិយាឈ្មោះ លោកយាយ ណុប យ៉េន អាយុ ៦៧ឆ្នាំ លោកយាយកំពុងមានជំងឺពោះវៀនស្អិតរាំរ៉ៃ លោកយាយមានកូនចំនួន ២នាក់ ប្រុស១ ស្រី១ កូនប្រុសរបស់លោកយាយបម្រើការងារជាកងទ័ព បានទទួលមរណភាពកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដោយរោគគាពាធ ពោលគឺមិនទាន់បានធ្វើបុណ្យគម្រប់១០០ថ្ងៃផង លោកតាក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បន្តទៀតគួរឱ្យសង្វេគ។

សូមរំលឹកថាគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង០១:១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចជិតដើមពោធិ៍(ក្បែររូបសំណាក់ ព្រះបរមរតនកោដ្ឋ) លើផ្លូវសុរាម្រិត ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយរថយន្ត (មិនចាំម៉ាកមួយគ្រឿង) បានបើកបុកចំស៊ីក្លូពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកធាក់ស៊ីក្លូ ខ្ទាតប្លោងទៅខាងមុខរថយន្ត ភ្លាមនោះរថយន្តបង្ក មិនព្រមឈប់ឡើយ បានបន្ថែមល្បឿនបើកទៅមុខអូសទាំងបុរសចំណាស់នោះ អូសនឹងថ្នល់ រាប់សិបម៉ែត្រ ទើបខ្ទាតរមៀលចេញពីរថយន្តស្លាប់យ៉ាងអាណោចអាធ័ម ហើយរថយន្តបង្កក៏បើកបន្តដំណើររត់បាត់ស្រមោល បន្សល់ទុកសពបុរសរងគ្រោះស្លាប់កណ្ដាលផ្លូវ គួរឲ្យអាសូរ។ ជាមួយគ្នានេះផងដែរមហាជនសូមអំពាវនាវ ដល់សមត្ថកិច្ចពាក់ព័ន្ធជួយស្រាវជ្រាវរករថយន្តបង្ក អោយអស់ពីសមត្ថភាពដើម្បីស្វែងរកយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះផងដែរ៕

Share This Post: