សម្តេចតេជោ៖ “បើពូជានាយករដ្ឋមន្ត្រីម៉ាឡេស៉ីវិញ ពូនឹងដករដ្ឋមន្ត្រីសុខាភិបាលចោល ដោយសារការធ្វើការខ្ជីខ្ជាខ្វះការទទួលខុសត្រូវ ដែលធ្វើប៉ះពាល់ដល់ជាតិសាសន៍៤១ប្រទេស”
មុននេះបន្តិចសម្តេចតេជោ បានឆ្លើយតបនឹង Comment ទាក់ទងនឹងម៉ាឡេស៉ីប្រកាសថាស្ត្រីវ័យ ៨៣ឆ្នាំដែលចេញពីនាវា Westerdam លែងមានវ៉ីរ៉ុស Covid-19 ហើយ នៅក្នុងគណនីហ្វេសបុកឈ្មោះ Khek khemrath ដោយសម្តេចតេជោបានសរសេរក្នុង Comment ថា៖ “ហេតុតែពូស្រែកម្តង ហើយម្តងទៀតក៏ ព្រោះតែចង់ឱ្យភាព យុត្តិធម៏សម្រាប់កម្ពុជាយើងផងសម្រាប់មនុស្សជាង២០០០នាក់នៅលើនាវាផងពិសេស យុត្តិធម៏សម្រាប់ស្ត្រី ជនជាតិអាមេរិកដែលគេចាត់ទុកថាឆ្លងcovid.19។ ទម្រាំបានយុត្តិធម៏ វិបត្តិមនុស្សធម៏បានកើតឡើងអស់មួយ សប្តាហ៏។ បើពូជានាយករដ្ឋមន្ត្រីម៉ាឡេស្រុី វិញពូនឹងដករដ្ឋមន្ត្រី សុខាភិបាលចោលដោយសារការធ្វើការ ខ្ជីខ្ជាខ្វះការទទួលខុសត្រូវដែលធ្វើប៉ះពាល់ដល់ ជាតិសាសន៏៤១ប្រទេស។ ប្រទេសយើងក្រតែ យើងមានការទទួល ខុសត្រូវលើកិច្ចការ មនុស្សធម៏នេះ។”

គួរបញ្ជាក់ផងដែរថា៖ តាមការចុះផ្យាយរបស់ The Straits Times នាថ្ងៃអង្គារ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកដំណើរលើនាវាអាមេរិក MS Westerdam ដែលត្រូវបានម៉ាឡេស៊ីរកឃើញថា ឆ្លងវីរុសកូរ៉ូណា COVID-19 ពេលនេះបានជាសះស្បើយហើយ។ ឧបនាយករដ្ឋមន្ត្រី Wan Azizah Wan Ismail បាននិយាយនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈនេះថា ស្ត្រីអាយុ ៨៣ឆ្នាំ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh ត្រូវបានធ្វើតេស្តសាកល្បងម្តងហើយម្តងទៀត លើវីរុស COVID-19 ហើយលទ្ធផលបង្ហាញថាគាត់រួចផុតពីវីរុសហើយ។ គាត់ត្រូវបានតេស្ដអវិជ្ជមានចំពោះវីរុស ប៉ុន្តែនៅស្ថិតក្រោមការតាមដានបន្តទៀត ព្រោះគាត់នៅមានចេញរោគសញ្ញា។

លោក Wan Azizah បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា៖ “នៅពេលដែលគាត់រួចផុតពីអាការៈរោគ គាត់អាចត្រូវបានរំសាយចេញពីមន្ទីរពេទ្យ”។ រំលឹកដែរថា ស្ត្រីរូបនេះ និងប្តីរបស់គាត់ ដែលមានអាយុ ៨៥ឆ្នាំ បានធ្វើដំណើរកម្សាន្តលើនាវាឈ្មោះ MS Westerdam ដែលបានចុះចតនៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីសប្តាហ៍មុន។ ប្ដីប្រពន្ធគូនេះបានហោះហើរចេញពីកម្ពុជាទៅទីក្រុងគូឡាឡាំពួ ជាមួយអ្នកដំណើរ ១៤៥នាក់ ផ្សេងទៀតរបស់នាវាទេសចរណ៍នោះ ប៉ុន្តែពេលនោះអ្នកទាំង ២ មានចេញរោគសញ្ញា។
ការធ្វើតេស្តចំនួន ២លើក បានបង្ហាញថា ស្ត្រីជាប្រពន្ធវិជ្ជមានចំពោ COVID-19 ហើយបន្ទាប់មកគាត់ត្រូវបានគេដាក់នៅក្នុងបន្ទប់ដាច់ដោយឡែកមួយ នៅឯមន្ទីរពេទ្យ Sungai Buloh ។ ប្តីរបស់គាត់បានធ្វើតេស្តអវិជ្ជមានចំពោះវីរុស ប៉ុន្តែគាត់បានជ្រើសរើសស្នាក់នៅ និងកំដរប្រពន្ធរបស់គាត់នៅមន្ទីរពេទ្យ៕

អត្ថបទ៖ លីដា
ប្រភព៖ straitstimes