ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ពន្យាថ្ងៃបង់ថ្លៃសេវាប្រមូលសំរាមរហូតដល់ចុងខែកុម្ភៈ

BY
Khmernote Media
February 22, 2020

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល។ ក្រោយពីបានចាប់ផ្តើមអនុវត្តទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល តាមប្រព័ន្ធអេឡិចត្រូនិច ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋភាគច្រើនបានយល់ដឹងអំពីនីតិវិធី និងបានចូលរួមបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង តាមសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញរួចហើយ។

ប៉ុន្តែនៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនេះ។ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សម្រាប់ខែមករា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋអាចបង់ថ្លៃសេវាប្រមូលសំរាមនេះ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋដែលពុំទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងសូមរួសរាន់មកបង់ថ្លៃសេវាប្រមូលសំរាមឲ្យបានទាន់ពេលវេលា ជៀសវាងរងការទទួលនូវវិធានការណ៍នានារបស់រដ្ឋបាលរាជធានីភ្នំពេញ និងដើម្បីចូលរួមថែរក្សាអនាម័យ បរិស្ថាន និងសោភ័ណភាពរាជធានីភ្នំពេញអោយកាន់តែស្រស់ស្អាត៕

Share This Post: