ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ពានឈើដែលឆេះនៅខេត្តព្រះវិហារ ក្រសួងបរិស្ថាន នឹងសម្របសម្រួលឲ្យសង់ស្ពានថ្មីធ្វើពីបេតុងតែម្តង ដើម្បីចៀសវាងភ្លើងឆេះទៀត

    BY Khmernote Media February 24, 2020
    ស្ពានឈើដែលឆេះនៅខេត្តព្រះវិហារ ក្រសួងបរិស្ថាន នឹងសម្របសម្រួលឲ្យសង់ស្ពានថ្មីធ្វើពីបេតុងតែម្តង ដើម្បីចៀសវាងភ្លើងឆេះទៀត

    ក្រសួងបរិស្ថាននឹងសម្របសម្រួល ចូលរួមគាំទ្រផ្តួចផ្តើមកសាងស្ពាន២កន្លែង ដែលត្រូវបានភ្លើងឆេះនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ស្ពានឈើទាំង២កន្លែងដែលត្រូវបានឆេះក្នុងខែកុម្ភៈនេះ គឺជាច្រកចេញចូលទៅដែនជម្រកសត្វព្រៃ តំបន់ភ្នំត្នោត។ ក្រសួងរិស្ថានបានចុះអនុស្សរណៈយោគយល់ជាមួយ BeeTreed ដែលមានលោក បេន ដាវីស ជនជាតិអាមេរិកកាំងជាតំណាងដើម្បីចូលរួមគ្រប់គ្រង និងអភិរក្សតំបន់នោះ។ នេះគឺជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។

    ក្រសួងបរិស្ថាននឹងសម្របសម្រួលក្នុងការសាងសង់ស្ពានទាំងនេះឡើងវិញ ដែលនឹងធ្វើពីបេតុងដើម្បីចៀសវាងភ្លើងឆេះ ជាថ្មីម្តងទៀត ជាមួយនេះលោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់សប្បុរស ដែលមានចិត្តស្រឡាញ់ធនធានធម្មជាតិ និងការងារអភិរក្សនៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក អាចចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការងារនេះ។ លោកបញ្ជាក់ថា នេះជាទឹកចិត្តសប្បុរសធម៌ និងការចូលរួមចំណែកក្នុងការកសាងស្ពានសម្រាប់ការធ្វើដំណើរឆ្លងកាត់ក្នុងតំបន់នោះ ជាពិសេសគឺជាច្រកចេញចូលទៅទីតាំងដែលលោកបេន ដាវីស គ្រប់គ្រងអភិរក្សនិងសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិនៅតំបន់នោះ។

    តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក ដែលស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងខេត្តសៀមរាម មានទំហំផ្ទៃដីសរុប ៤២ ០៩៧ ហិកតាដែលក្នុងនោះលោក បេន ដាវីស បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន គ្រប់គ្រង និងអភិរក្សលើផ្ទៃដីចំនួនជាង៧ពាន់ហិកតា ដែលមានសក្តានុពលធនធានធម្មជាតិនិងជីវៈចម្រុះច្រើនប្រភេទ។ ទន្ទឹមនឹងផ្តល់កិច្ចសហការអភិរក្សធនធានធម្មជាតិនៅតំបន់នោះ ក្រសួងបរិស្ថានតាមរយៈមូលនិធិបរិស្ថាន និងសង្គមបានផ្តល់កញ្ចប់ថវិកាចំនួន២ម៉ឺនដុល្លារក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ឆ្នាំ ដោយបានចាប់ផ្តើមអនុវត្តពីដើមឆ្នាំ២០១៩មក ដើម្បីលោក បេន ដាវីស ប្រើប្រាស់ក្នុងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅក្នុងដែនជម្កសត្វព្រៃភ្នំត្នោតភ្នំពកនេះ។

    យោងតាមរបាយការណ៍ពីក្រសួងបរិស្ថាន នៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ស្ពានចំនួន៤ ត្រូវបានភ្លើងឆេះបំផ្លាញដែលស្ពាននីមួយៗមានប្រវែងប្រមាណ៥០ ម៉ែត្រ ឬវែងជាងនេះក្នុងនោះស្ពានឈើចំនួន២ ត្រូវបានលួចដុតនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២០ នេះ។ លោក នេត្រ ភក្ត្រា បានសម្តែងការសោកស្តាយដែលស្ពានជាទ្រព្យសម្បត្តិសាធារណៈត្រូវបានភ្លើងឆេះ។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការ សូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការស៊ើបអង្កេត ស្វែងរកមូលហេតុឱ្យបានច្បាស់លាស់នៃការឆេះស្ពាននេះ ហើយបើមានអ្នកលួចដុត ត្រូវស្វែងរកមុខជនខិលខូចដែលលួចដុតស្ពានឈើនេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ លោក ភក្រ្តា បានថ្លែងថា “យើងនឹងមិនលើកលែងឱ្យជនល្មើល ដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈឡើយ”៕

    ប្រភព៖ ក្រសួងបរិស្ថាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay