នាំគ្នាលើកដែកទីបមូលចងមេក្រូ ដើម្បីរៀបចំធ្វើបុណ្យសង្ឃទានឲ្យម្តាយ ស្រាប់តែឆ្លងចរន្តអគ្គសនីឆក់ស្លាប់២នាក់ របួសម្នាក់
ខេត្តកណ្តាល៖ មានករណីឆក់ចរន្តអគ្គសនី បណ្តាលឲ្យស្លាប់២ របួសម្នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៥និង០០នាទី ចំណុចភូមិ ព្រៃគោល ឃុំ ឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះទាំង៣នាក់ មានឈ្មោះ ជួន មករា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ និង ឈ្មោះ ជេស ហុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ អ្នកទាំង២បានស្លាប់ និងឈ្មោះ ជួន អ៊ូច ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រងរបួសធ្ងន់។
យោងតាមការបំភ្លឺរបស់ឈ្មោះ ប៊ុន សៀន អាយុ៧៥ឆ្នាំ ត្រូវជាម្តាយបង្កើត បានឲ្យដឹងថា នៅមុនពេលកើតហេតុ កូនបង្កើតរបស់ខ្លួនឈ្មោះ ជួន មករា និងឈ្មោះ ជួន អ៊ូច រួមជាមួយកូនប្រសារឈ្មោះ ជេស ហុន អ្នកទាំងបីនាក់ បាននាំគ្នាលើកដែកទីបមូលចងមេក្រូ ដើម្បីរៀបចំធ្វើបុណ្យសង្ឃទានឲ្យម្តាយនៅថ្ងៃស្អែក ក្នុងពេលដែលកំពុងលើកដែកចងមេក្រូនោះ បណ្តាលឲ្យដែកទៅប៉ះចំខ្សែភ្លើងស្រាត ឆ្លងចរន្តឆក់ស្លាប់ជនរងគ្រោះឈ្មោះ ជួន មករា និងឈ្មោះ ជេស ហុន ចំនែកជនរងគ្រោះឈ្មោះ ជួន អ៊ូច ឆក់រងរបួស ឆេះខ្លោចម្រាមជើងទាំងសង្ខាង ត្រូវក្រុមគ្រួសារ និងជិតខាងជួយទាន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
បន្ទាប់មកកម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុក បានសហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ឈ្វាំង ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ឃើញថា ជនរងគ្រោះ ទាំង០២នាក់ បានស្លាប់ដោយសារ ឆក់ចរន្តអគ្គសនីបណ្តាលឲ្យស្លាប់។ ដោយ សាកសព មានស្នាមឆក់ខ្លោចខ្មៅនៅលើស្បែក លើដងខ្លួន ម្រាមដៃ និង ឆេះខ្លោចរួញជើងទាំងសងខាង ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕


ប្រភព៖ អធិការដ្ឋាននគរបាល ស្រុកពញាឭ