សម្តេចតេជោ ប្រកាសថា អ្នកទិញផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារ មិនបាច់បង់ពន្ធប្រថាប់ត្រាទេ
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការមិនយកពន្ធលើផ្ទះដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

សម្តេចតេជោ បានមានប្រសាសន៍ថា ៖ “ពន្ធប្រថាប់ត្រា ត្រូវលើកលែងសម្រាប់ផ្ទះដែលមានតម្លៃ៧ម៉ឺនដុល្លារចុះក្រោម ឥឡូវនេះមានផ្ទះដែលហៅថាតម្លៃសមរម្យនោះលក់ឲ្យមន្ត្រីរាជការមិនអស់ ឥឡូវបើកលក់ឲ្យប្រជាជនថែមទៀត មានផ្ទះ៣ម៉ឺន ៤ម៉ឺន ៦ម៉ឺន ដូច្នេះទៅទិញអត់មានជាប់ពន្ធទេ”។
សម្តេចបន្តថា ៖ “ធ្វើបែបនេះសំដៅឲ្យអ្នកធ្វើអចលទ្រព្យ ដែលមានតម្លៃសមរម្យ ដែលមានតម្លៃថោក រួមជាមួយនឹង អ្នកដែលមានប្រាក់មធ្យម អាចទៅផ្ទះបានថោក ដោយមិនចាំបាច់មានការបង់ពន្ធ យើងលើកលែង យើងលើកស្ទួយអំពីបញ្ហានេះ”។
វិធានការរបស់ររាជរដ្ឋាភិបាលនាពេលនេះ គ្រាន់តែជាវិធានការជុំទី១ប៉ុណ្ណោះ ដើម្បីសំដៅជួយដល់ វិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ និងកម្មករនិយោជិក ដែលរងសភាពមិនអំណោយផលចំពោះមុខ ហើយវិធានការជាច្រើនទៀតបានកំពុងសិក្សា៕

ដោយ៖ ណារ៉ែន