ក្រុមឃាតករស៊ីឈ្នួល សម្លាប់មនុស្សតាមហ្វេសប៊ុក ទទួលបានលុយកក់១០០ដុល្លារ សល់១ពាន់ដុល្លារទៀតមិនទាន់បានផង ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន
ខេត្តសៀមរាប ៖ នៅទីបំផុតក្រុមស៊ីឈ្នួលសម្លាប់មនុស្ស ចំនួន៣នាក់ ត្រូវបាននគរបាលក្រុងសៀមរាប ស្រាវជ្រាវចាប់ខ្លួនបានហើយ ពាក់ព័ន្ធករណីមនុស្សឃាត ដោយស៊ីឈ្នួលតាមរយៈហ្វេសប៊ុកមួយ ក្នុងតម្លៃសរុប១១០០ដុល្លារ ដោយទើបតែទទួលបានលុយកក់ ១០០ដុល្លារប៉ុណ្ណោះ នៅសល់ ១ពាន់ដុល្លារទៀត តែអ្នកជួលឲ្យពួកគេធ្វើសកម្មភាពនោះ មិនអាចទាក់ទងបានឡើយ ហើយបានបិទហ្វេសប៊ុករហូត ហើយក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានទៀត ។ បើតាមសម្ដីលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលក្រុងសៀមរាប បានប្រើរយៈពេលអស់១១ថ្ងៃ គិតចាប់ពីថ្ងៃកើតហេតុ ថ្ងៃទី១២ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងការស្រាវជ្រាវរកភស្តុតាងកំណត់មុខសញ្ញាជនសង្ស័យ (ទាំងអ្នកកាប់ អ្នកបើកម៉ូតូឌុប និងអ្នករៀបគម្រោង) រហូតឈានដល់ការឃាត់ខ្លួនបានទាំង៣នាក់តែម្ដង ។

លោកវរសេនីយ៍ឯកណុប សារ៉ាក់ បានបន្តថា ក្រោយធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់បានទទួលស្គាល់និងបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តពិតប្រាកដមែន ដោយបានស៊ីឈ្នួលតាមរយៈហ្វេសប៊ុកមួយ ក្នុងតម្លៃសរុប ១១០០ដុល្លារ ដោយទទួលបានលុយកក់ទើបតែ ១០០ដុល្លារប៉ុណ្ណោះ នៅសល់ ១ពាន់ដុល្លារទៀត តែអ្នកជួលឲ្យពួកគេធ្វើសកម្មភាពនោះ មិនអាចទាក់ទងបានឡើយ ហើយបានបិទហ្វេសប៊ុករហូត ។ ជាមួយគ្នានេះសមត្ថកិច្ច ដកហូតវត្ថុតាងសម្រាប់ធ្វើសកម្មភាពបានរួមមាន ០១.ម៉ូតូមួយគ្រឿង ម៉ាក Honda dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ចំនួន០១គ្រឿង និងមួកសុវត្ថិភាព ចំនួន១ ។ ០២.កាំបិត និងដាវ ធ្វើពីដែក ចំនួន០២ដើម ។ ០៣.ទូរស័ព្ទដៃ ចំនួន៤គ្រឿង។

សូមរំលឹកថាកាលពីវេលាម៉ោង១៥:៤០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចផ្លូវខាងលិច អែបរបងវិទ្យាល័យអង្គរ ស្ថិតក្នុងក្រុមទី០៧ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីមនុស្សឃាតគិតទុកជាមុន (កាប់ជនរងគ្រោះនិងកាំបិតដាវបណ្ដាលឲ្យរងរបួសធ្ងន់) ប្រព្រឹត្តដោយជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកHonda dream ឆ្នាំ២០២០ ពណ៌ខ្មៅ ឌុបគ្នា និងឈប់ ចុះកាប់មកលើជនរងគ្រោះជាច្រើនកាំបិត ត្រង់កញ្ចឹងក ស្មា និងដៃឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់ ដេកស្ដូកស្ដឹងក្នុងថ្លុកឈាម ក្រោយពីកាប់ជនរងគ្រោះឲ្យរបួសរួចហើយ សង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់។
បើតាមសមត្ថកិច្ចបានអោយដឹងទៀតថា នៅថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២០នេះ កម្លាំងផ្នែកជំនាញនគរបាលព្រហ្មទណ្ឌក្រុងសៀមរាបបានរៀបចំសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនជនសង្ស័យទៅតុលាការធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់។

សូមជម្រាបថាប្រតិបត្តិការបំបែកសំណុំរឿង មនុស្សឃាតនេះ ក្រោមការដឹកនាំកម្លាំងផ្ទាល់របស់លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប កម្លាំងនគរបាល ព្រហ្មទណ្ឌក្រុងសៀមរាប បានធ្វើការសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យនគរបាល ប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំសម្របសម្រួលពីលោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងលោកឧត្ដមសេនីយ៍ត្រី ភឹង ចិន្ដារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងមានការបញ្ជាពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប៕





កែសម្រួលដោយ បងម៉េង