បង្ក្រាបក្រុមដៃស្អិត ជំនាញជិះម៉ូតូឆក់ទ្រព្យសម្បត្តិអ្នកដំណើរ បានចំនួន៨នាក់ នៅក្នុងកោះពេជ្រ
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការរមន បានបើកប្រតិបត្តិការបង្ក្រាបក្រុមដៃស្អិត ជំនាញខាងជិះម៉ូតូឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលធ្លាប់ធ្វើសកម្មភាពឆក់ជាច្រើនករណី ហើយឃាត់ខ្លួនបានជនសង្ស័យ៨នាក់ និងដកហូតម៉ូតូ៤គ្រឿង។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ មុខអគារសន្និបាតC ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក យិន សាន អធិការដ្ឋានខណ្ឌចំការមន និងដឹកនាំកម្លាំងដោយលោកអធិការរងទទួលផែនព្រហ្នទណ្ឌ ព្រមទាំងលោកនាយផ្នែកផ្នែកព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញបើកប្រតិបត្តិការស៊ើបអង្គេត និងស្រាវជ្រាវមុខសញ្ញាក្រុមចោរឆក់យ៉ាងសកម្មក្នុងសង្កាត់ទួលទំពូង១ និងទួលទំពូង២កន្លងមក រួចក៏ឃាត់ខ្លួនបានជនសង្ស័យ សរុបចំនួន៨នាក់ ព្រមទាំងដកហូតបានម៉ូតូ៤គ្រឿង យកទៅធ្វើការសាកសួរផងដែរ។
សេចក្តីរាយការណ៍បន្តថា ក្រុមចោរឆក់យ៉ាងសកម្មដែលឃាត់ខ្លួនរួមមាន ១-ឈ្មោះ មាស ចាន់ថន ភេទប្រុស អាយុ១៧ឆ្នាំ ២-ឈ្មោះ ឈាង ឫទ្ធី ហៅអាប៊ី ភេទប្រុស អាយុ១៥ឆ្នាំ ។ ៣-ឈ្មោះ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ ៤-ឈ្មោះ ម៉េង គីមហុង ភេទប្រុស អាយុ១៥ឆ្នាំ (ទាំង៤នាក់នេះ ជាក្រុមឆក់យ៉ាងសកម្ម) ។
និង៥-ឈ្មោះ អ៊ាម ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ ៦-ឈ្មោះ ឃុត សំរិត អាយុ១៧ឆ្នាំ ៧-ឈ្មោះមាស ចាន់វិរៈ ភេទប្រុស អាយុ១៦ឆ្នាំ និង៨-ឈ្មោះ លាភ វិសាល ភេទប្រុស អាយុ១៦ឆ្នាំ (ជាបក្ខពួក) ។
សេចក្តីរាយការណ៍បន្តទៀតថា ចំណែកវត្ថុតាងដែលដកហូតបានមាន ១-ម៉ូតូម៉ាកហុងដា Beat ស៊េរីឆ្នាំ២០១៩ ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ1HY-5651 ទី២- ម៉ូតូម៉ាកហុងដាសង់ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ1HX-3844 ទី៣-ម៉ូតូម៉ាកហុងដា scopy ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HZ-0851 និងទី៤-ម៉ូតូម៉ាកស៊ុយស៊ុយសុគីនិច ស៊េរីឆ្នាំ២០២០ ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1HZ-1877។ ម៉ូតូទាំង៤គ្រឿងនេះ ជាមធ្យោបាយដែលក្រុមជនសង្ស័យខាងលើជិះធ្វើសកម្មភាពកន្លងមក។
យោងតាមប្រភពពីកម្លាំងនគរបាលខណ្ឌចំការមនប្រាប់ឱ្យដឹងថា កាលពីម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ ក្រុមជនសង្ស័យខាងលើបានឆក់កាបូបស្ពាយពីជនបរទេស២នាក់សង្សារ នៅចំណុចមុខផ្ទះលេខ៥ ផ្លូវ៤៦០ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ដោយក្រុមជនសង្ស័យមានគ្នា៤នាក់ ក្នុងចំណោមបក្សពួក៨នាក់នោះ ដោយជិះម៉ូតូ២គ្រឿង មួយម៉ាកហុងដា Beat និងមួយគ្រឿងទៀតម៉ាកហុងដាសង់ ស៊េរីឆ្នាំ២០១៩ ហើយបានឆក់កាបូបជនបរទេសទាំងពីរនាក់សង្សារនោះបានសម្រច រួចគេចខ្លួនបាត់ស្រមោល។ រហូតដល់ថ្ងៃកើតហេតុខាងលើ ថ្ងៃទី២៣ខែឆ្នាំដដែល សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ បានធ្វើការស្រាវជ្រាវ រួចឃាត់ខ្លួនបានជនសង្ស័យ និងបក្សពួកទាំង៨នាក់ នាំមកកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីសួរនាំបន្ត។
នៅចំពោះមុខសមត្ថកិច្ច ក្រុមចោរឆក់ទាំងនោះបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនបរទេសទាំងពីរនាក់នោះនៅសង្សង្កាត់ទួលទំពូង១ពិតមែន និងធ្លាប់ចេញធ្វើសកម្មភាពឆក់ក្នុងទឹកដីខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌទួលគោកជាច្រើនករណីទៀតផង។
បច្ចុប្បន្នក្រុមជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងសាកសួរនាំនៅអធិការដ្ឋានខណ្ឌចំការមន និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី ៕

កែសម្រួលដោយ ៖ បងម៉េង






