គួរឲ្យកោតសរសើរ! សិស្សមន្ត្រីក្រមការ២នាក់ ជាជនពិការភ្នែក បញ្ចប់ការសិក្សាដោយជោគជ័យនៅសាលាភូមិន្ទរដ្ឋបាល ម្នាក់ធ្វើការនៅអង្គភាពACU និងម្នាក់ទៀតធ្វើនៅក្រសួងការងារ
នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ចំនួន៥៧៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។

អ្វីដែលគួរឲ្យកោតសរសើរនោះ ក៏មានសិស្សមន្ត្រីក្រមការជំនាន់ទី៨ ចំនួន២នាក់ ជាជនពិការភ្នែក ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ហើយពួកគេទាំង២មានសមត្ថភាពចូលបម្រើការងារនៅតាមអង្គភាពក្រសួងនានា។ ដោយសិស្សមន្ត្រីក្រមការឈ្មោះ ពិន សុភ័ក្រ បានជ្រើសរើសចូលបម្រើការងារនៅក្រសួងការងារ ចំណែកឯសិស្សមន្ត្រីក្រមការម្នាក់ទៀតឈ្មោះ មិន បូណា បានជ្រើសរើសចូលបម្រើការងារនៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ ក្នុងនោះសិស្សសាលាភូមិន្ទរដ្ឋបាល ចំនួន៥៧៥នាក់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល ចំណែកឯសិស្សមន្ត្រីក្រមការ២នាក់ ជាជនពិការភ្នែក ត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់បន្ថែមនូវទឹកប្រាក់ក្នុងម្នាក់ទទួលបាន ១លានរៀល៕


ដោយ៖ ណារ៉ែន