អរគុណខ្លាំងណាស់! ម្ចាស់ក្លឹបបាល់ទាត់រូបនេះ ប្រកាសថានឹងជូនជនជាតិជប៉ុនម្នាក់ចំនួន ២០០ដុល្លារដល់ ៥០នាក់ដែលបានមកលេងខេត្តសៀមរាប
ដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរជនជាតិជប៉ុនអោយមកលេងខេត្តសៀមរាប ម្ចាស់ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ លោក Akihiro Kato បានប្រកាសនូវគម្រោងមួយដែលមានឈ្មោះ “យុទ្ធនាការទេសចរណ៍ខេត្ត សៀមរាប” ដោយលោកនឹងផ្តល់ថវិកាដល់ជនជាតិជប៉ុន ៥០នាក់ ដែលបានមកលេងកម្សាន្តក្នុងខេត្តសៀមរាបក្នុងម្នាក់ចំនួន ២០០ដុល្លារ។

នេះបើយោងតាមការបង្ហោះរបស់លោក Akihiro Kato បានសរសេររៀបរាប់ថា៖ ខ្ញុំនឹងមានគំរោងបង្កើត “យុទ្ធនាការទេសចរណ៍ខេត្ត សៀមរាប” នៅចប់តង់ទី១ នៃការប្រកួតបើកឆាករបស់អង្គរថាយហ្គឺរ ខ្ញុំបានសន្យាថាខ្ញុំនឹងនាំអ្នកទេសចរណ៍មកខេត្តសៀមរាបព្រោះជាទីក្រុងដែលខ្ញុំស្រឡាញ់ ។ “យុទ្ធនាការទេសចរណ៍ ខេត្តសៀមរាប” គឺខ្ញុំនឹងជូនជនជាតិជប៉ុនម្នាក់ចំនួន ២០០ ដុល្លារដល់ ៥០នាក់ដែលបានមកលេងផ្ទាល់ខេត្តសៀមរាបនៅខែមីនា ឬ មេសានេះផ្ទាល់”។ ការប្រកាសនូវគម្រោង “យុទ្ធនាការទេសចរណ៍ខេត្ត សៀមរាប” របស់ម្ចាស់ក្លឹបជនជាតិជប៉ុនរូបនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា សាទរនិងកោតសរសើរជាពន់ពេក៕



