កូរ៉េទាំង២នឹងប្រកាសពីការបញ្ចប់សង្គ្រាមជាមួយគ្នាជាផ្លូវការនៅសប្តាហ៍ក្រោយនេះ
ទីបំផុតទៅសង្គ្រាមដ៏យូរអង្វែងរបស់កូរ៉េខាងជើង និងខាងត្បូងជិតឈានដល់ទីបញ្ចប់ហើយ បន្ទាប់ពីកូរ៉េទាំង២បានយល់ព្រមចចារគ្នា និងបញ្ចប់បញ្ហាគ្រប់បែបយ៉ាងដោយសន្តិវិធី។ បើយោងតាមសារព័ត៌មាន Dailymail បានចុះផ្សាយថា នៅសប្តាហ៍ក្រោយនេះប្រមុខដឹងនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន និងប្រធានាធិបតីរបស់កូរ៉េត្បូងគឺលោក ម៉ូន ជេអ៊ីន នឹងជួបគ្នា ហើយធ្វើសេចក្តីប្រកាសជាផ្លូវការ ដើម្បីបញ្ចប់សង្គ្រាមរវាងកូរ៉េទាំងពីរដែលបានអូសបន្លាយតាំងពីឆ្នាំ ១៩៥០ មក។
សូមបញ្ជាក់ថា កូរ៉េទាំង២បានកើតមានសង្គ្រាមជាមួយគ្នាជាលក្ខណៈទ្រង់ទ្រាយធំកាលពីអំឡុងឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ ហើយពីចាប់តាំងពីឆ្នាំ ១៩៥៣ មក ត្បិតតែប្រទេសទាំង២គ្មានការផ្ទុះអាវុធទ្រង់ទ្រាយធំដាក់គ្នាក៏ពិតមែន តែប្រទេសទាំង២ហាក់មិនត្រូវគ្នា និងគ្មានសន្តិភាពជាមួយគ្នា ពោលគឺប្រទេសទាំង២នៅតែមានជំលោះពាក្យសំដី និងមានការគំរាមគំហែងដាក់គ្នាទៅវិញទៅមកជាបន្តបន្ទាប់។
យ៉ាងណាក្តីមកទល់នឹងពេលនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េត្បូង បានចុះផ្សាយជាផ្លូវការហើយថា ភាគីទាំង២បានពិភាក្សាគ្នារួចរាល់ហើយអំពីគម្រោងបញ្ចប់សង្គ្រាមជាមួយគ្នាជារៀងរហូត ហើយនឹងធ្វើសេចក្តីប្រកាសជាផ្លូវការនៅសប្តាហ៍ក្រោយនេះហើយ។ កូរ៉េទាំង២ចង់ឲ្យពិភពលោកទាំងមូល ជាពិសេសគឺលោកប្រធាធិបតីអាមេរិក ដូណល់ត្រាំ ជឿជាក់អំពីសេចក្តីប្រកាសជាផ្លូយការនេះផងដែរ៕
ប្រភព៖ dailymail


