ព័ត៌មានជាតិ

ចុះប្រមូលជនប្រុសស្រី ដែលពពាក់ពពូនគ្នា ក្រោមស្ពានអាកាសស្ទឹងមានជ័យ បានចំនួន១០នាក់ ដកហូតថ្នាំញៀន៦កញ្ចប់

BY
Khmernote Media
February 29, 2020

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន ១០នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ធ្វើរដ្ឋបាលចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ និងភូមិមានជ័យ នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះមានការឯកភាពពីលោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង មានការចង្អុលបង្ហាញពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ។

ក្នុងនោះដែរលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ មានកម្លាំងអធិការដ្ឋានខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ និងកម្លាំង សណ្ដាប់ធ្នាប់ខណ្ឌ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន អ្នកចែកចាយគ្រឿងញៀន និង អ្នកផ្ទុកនូវសារធាតុញៀន ដែលមានកម្លាំងចូលរួមសរុប ៩០នាក់ ហើយជាលទ្ធផល ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដកហូតបានថ្នាំញៀន ៦កញ្ចប់តូចផងដែរ ក្នុងនោះ៥នាក់ទៀត ប្រើប្រាស់គ្រឿងញៀន ត្រូវបាន អាណាព្យាបាល សុំធានាយកទៅអប់រំ ដោយបញ្ជូនទៅខាងសង្គមកិច្ច បន្សាបគ្រឿងញៀនផងដែរ ។

ជនសង្ស័យចំនួន០៥នាក់ មានឈ្មោះដូចជា ទី១.ឈ្មោះ ទួន សារ៉ាន់ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសហគមន៏ក្រោមស្ពានអាកាសស្ទឹងមានជ័យ លេខ១៥៣ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ២-ឈ្មោះ តួ ពន្លឺ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះក្រោមស្ពាន ភូមិមានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ៣-ឈ្មោះ ទួន កក្កដា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសហគមន៏ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ៤-ឈ្មោះ ទួន ស្រីពៅ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រោមស្ពានស្ទឹងមានជ័យ ភូមិមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ៥-ឈ្មោះ សុខ រ៉ាវី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥៣ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕

អត្ថបទ៖ បងម៉េង

Share This Post: