រថយន្តកាមរីឆ្លាមបោះពួយបុកម៉ូតូឆ្លងផ្លូវប៉ើងជាច្រើនម៉ែត្រ ហើយតៃកុងរថយន្តព្យាយាមបើករត់បានជាង១០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋចាប់បាន
រាជធានីភ្នំពេញ ៖ រថយន្តកាមរីឆ្លាមមួយគ្រឿងបោះពួយទៅបុកមន្ត្រីអាវុធហត្ថខណ្ឌចំការមនម្នាក់ ខណៈជិះម៉ូតូឆ្លងផ្លូវប៉ើងជាច្រើនម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់រថយន្តបង្កព្យាយាមបើករត់ជាង១០០ម៉ែត្រ ត្រូវបងប្អូនប្រជាពលរដ្ឋដេញចាប់បានវិញ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រឈាន ចូលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៣ កែងផ្លូវលេខ៤៨២ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជាមន្ត្រីអាវុធហត្ថជិះម៉ូតូមួយគ្រឿងម៉ាកអិចសាយទ័រពាក់ស្លាកលេខខេមរៈភូមិន្ទ ០២-១-៦៧៨៩ ធ្វើដំណើរតាមបណ្តោយផ្លូវ ៤៨២ ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើកែង និងផ្លូវ១៦៣ ក៏មានរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាមពណ៌ស្ករពាក់ស្លាកលេខក្រចេះ 2A-0472 បើកបរដោយបុរសម្នាក់រួមដើរ និងស្ត្រីជាច្រើននាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ ១៦៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូចំពាក់កណ្ដាលម៉ូតូពេញទំហឹងប៉ើងជាច្រើនម៉ែត្រ បណ្តាលឲ្យមន្ត្រីអាវុធហត្ថម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាម។
ចំណែករថយន្តបង្កព្យាយាមបើករត់បានប្រមាណជាង ១០០ម៉ែត្រត្រូវបានបងប្អូនប្រជាពលរដ្ឋដេញចាប់បានមកវិញរួចប្រគល់ជូនសមត្ថកិច្ចខណ្ឌចំការមន ចុះមកវាស់វែងយកទៅរក្សាទុកបណ្ដោះអាសន្ន ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ដោយ៖ បងម៉េង ខ្មែរណូត








