មិនទាន់ចេះបើករថយន្តផងក៏ឡើងទៅបើក បណ្តាលឲ្យបុករះរថយន្ត២គ្រឿង បោកផ្ទប់ទាំងបុរសបរទេសម្នាក់រងរបួសធ្ងន់ទៀត
រាជធានីភ្នំពេញ ៖ ពិតជាធ្វេសប្រហែសណាស់ បុរសបរទេសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីដើរចេញពីសណ្ឋាគារ ស្រាប់តែមានបុរសម្នាក់មិនទាន់ចេះបើករថយន្តផង ក៏ឡើងទៅបើករថយន្ត NISSAN NAVARRA ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយរថយន្តម៉ាក KIA ពាក់ស្លាកលេខរដ្ឋ ២៩ 2-0230 រុញទាំងបុរសបរទេសខាងលើផ្ទប់ពីក្រោយរថយន្ត LEXUS 330 មួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩:៣៥នាទីយប់ ថ្ងៃសៅរិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចមុខសណ្ឋាគារ Double Leaf លើផ្លូវ១២៣ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុការណ៍បានប្រាប់អ្នកយកព័ត៌មានយើងដឹងថា នៅមុនកើតហេតុ មានរថយន្តពីរគ្រឿង មានរថយន្តម៉ាកKIA ពាក់ស្លាកលេខរដ្ឋ ២៩ 2-0230 និងរថយន្តមួយគ្រឿងទៀត ម៉ាក LEXUS RX330 ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AL-5765 បានមកចតទុកស្ងៀមចោលនៅចំណុចកើតហេតុ ។ លុះមកដល់ម៉ោងកើតហេតុ ក៏ស្រាប់តែមានបុរសម្នាក់ ដែលមិនទាន់ចេះបើករថយន្តផង ក៏ឡើងទៅបើករថយន្តមួយគ្រឿងម៉ាក NISSAN NAVARRA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AV-3566 ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយរថយន្តម៉ាក KIA ពាក់ស្លាកលេខរដ្ឋ ហើយបុកទាំងបុរសបរទេសម្នាក់ទៀតកំពុងដើរចេញពីក្នុងសណ្ឋាគារ បោកផ្ទប់ទៅបុកពីក្រោយរថយន្ត LEXUS 330 មួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកឯបុរសបរទេសនោះបានរងរបួសធ្ងន់ មួយកំណាត់ចង្កេះចុះក្រោម ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋជួយហៅរថយន្តសង្គ្រោះគ្លីនិកឯកជនមកដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរ ។
ចំណែកអ្នកបើករថយន្តបង្ក ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយឃាត់បានប្រគល់អោយសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្តិ៍ទួលទំពូង១ ដើម្បីរងចាំប្រគល់អោយសមត្ថកិច្ចជំនាញ ធ្វើការតាមជំនាញ។
បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងផ្នែកវាស់វែងខណ្ឌ បានចុះមកវាស់វែង រថយន្តទាំងបីរគ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ន ដេីម្បីរងចាំធ្វេីការដោះស្រាយទៅតាមច្បាប់៕
ដោយ៖ បងម៉េង ខ្មែរណូត





