ស្នងការដ្ឋាននគរបាលខេត្តកោះកុង ចេញមុខបកស្រាយ ក្រោយករណីបុរសម្នាក់ស្រវឹងស្រាដួលត្រូវនឹងវត្ថុរឹង បណ្តាលឲ្យស្លាប់ បែរជាមានអ្នកបំពុលថាខ្យល់គរស្លាប់ ដោយសារឆ្លង COVID-19
ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានច្រានចោល និងបំភ្លឺ ក្រោយគណនីហ្វេសបុកឈ្មោះថា Sovannara Som បានបង្ហោះខ្លឹមសារថា មានករណីខ្យល់គរស្លាប់ភ្លាមៗ នៅត្រង់ចំណុចចិញ្ចឹមផ្លូវជាប់របង ស្នងការដ្ឋាននគរបាលខេត្ត ស្ថិតក្នុងភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ថាដោយសារតែឆ្លង វីរុស COVID-19។ ដោយខាងស្នងការបានបញ្ជាក់ថានេះជាព័ត៌មានមិនពិត ព្រោះជនរងគ្រោះ បានស្លាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសារតែស្រវឹងស្រា ដួលត្រូវនឹងវត្ថុរឹង បណ្តាលឲ្យស្លាប់ ខាងសមត្ថកិច្ចជំនាញក៏បានបង្ហោះព័ត៌មាន ក្នុងទំព័រហ្វេសបុកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្ត ដែរ។
ស្នងការដ្ឋាននគរបាលខេត្ត ធ្វេីការបញ្ជាក់ជូនលម្អិត ឲ្យប្រជាពលរដ្ឋបានដឹងថា ៖ ជម្ងឺកូរ៉ូណា ត្រូវបានគេរកឃេីញ នៅទីក្រុងវ៉ូហាន ប្រទេសចិន សម្រាប់ប្រទេសកម្ពុជា មានអ្នកឆ្លងវីរុសប្រភេទនេះ តែម្នាក់គត់ ដែលជាជនជាតិចិន មកទេសចរណ៍ នៅក្រុងព្រះសីហនុ តែត្រវបាន ក្រុមគ្រូពេទ្យ នៃក្រសួងសុខាភិបាល ធ្វើការព្យាបាលបានជាសះស្បើយទាន់ពេលវេលា ។ ដោយខាងស្នងការបានសំណូមពរឲ្យអ្នកសារព័ត៌មាន ឬប្រជាពលរដ្ឋក្តី សូមមានវិជ្ជាជីវៈ ក្នុងការបង្ហោះពត៌មាន មិនមែនតែចង់ល្បី ផុសពត៌មានប្រឌិត ដោយមិនបានសាកសួរ ពីអាជ្ញាធរមូលដ្ឋាន៕


