ឃាត់ខ្លួនស្ត្រីវៀតណាមម្នាក់ ក្រោយធ្វើជាចូលទិញគ្រឿងអលង្ការ ហើយដាក់អាក្លែងក្លាយឲ្យម្ចាស់តូប និងបន្លំយកខ្សែកមាសមែនទែនមួយតម្លឹង
សៀមរាប ៖ កម្លាំងនគរបាលប៉ុស្តិ៍ គោកចក បានឃាត់ខ្លួនស្ត្រី ជនជាតិវៀតណាមម្នាក់ ករណីបន្លំលួចខ្សែកមួយខ្សែទម្ងន់មួយ តម្លឹង។ ហេតុការណ៍បានកើតឡើងនាថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២០ ស្ថិតនៅផ្សារដើមក្រឡាញ់ ក្នុងភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុង/ខេត្តសៀមរាប ។ មន្ត្រីនគរបាល មូលដ្ឋានដែលស្ថិតក្នុងហេតុការណ៍បានឱ្យដឹងថា ជនសង្ស័យ មានឈ្មោះ ង្វៀង ធីខា ហៅ សុខខា ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិគីឡូម៉ែត្រលេខ៧ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញមានមុខរបរលក់ត្រី។ ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីអំពើលួច (បន្លំលួចខ្សែក)។

មន្ត្រីបន្តថា មុនកើតហេតុស្ត្រីសង្ស័យនេះ បានធ្វើសកម្មភាព ចូលទិញ ខ្សែកនៅតូប របស់ជនរងគ្រោះ ឈ្មោះ លីម ហ៊ុយ ឃី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុង សៀមរាប ។ ជនសង្ស័យ បានឱ្យ ជនរងគ្រោះ យក ខ្សែក មាស ប្រភេទ ច្រវ៉ាក់ឆាប ទម្ងន់១ដំឡឹង ពីក្នុងទូមកឱ្យខ្លួន។
ពេលបានខ្សែក ដោយជនរងគ្រោះមិនចាប់អារម្មណ៍ ជនល្មើសក៏ដោះខ្សែកខ្លួន (ខ្សែក ក្លែងក្លាយ ) ប្រភេទច្រវ៉ាកឆាបដូចគ្នា ឱ្យទៅជនរងគ្រោះ ។ រីឯខ្សែកពិត ជនសង្ស័យ បានយកពាក់ នៅនឹងកដោយ គ្របអាវជិត។ បន្ទាប់មកជនសង្ស័យ និងជនរងគ្រោះ ក៏បាននិយាយតម្លៃគ្នាតែមិនត្រូវហើយជនសង្ស័យក៏បានដើរគេចខ្លួនចេញទៅ។ ដោយជនរងគ្រោះពិនិត្យមើលខ្សែក ដែលជនសង្ស័យ ឱ្យមានលក្ខណៈ ប្លែក និង ស្រាល ក៏ស្រែក ឆោឡោឡើង ។ ប្រជាពលរដ្ឋ ដែលនៅក្បែរនោះ ចាប់ឃាត់ ជនសង្ស័យ បាននិង រាយការណ៍ ជូនសមត្ថកិច្ច។ ភ្លាមនោះសមត្ថកិច្ច ចុះទៅនាំខ្លួន ជនសង្ស័យ យកមកសួរនាំ។ ជនសង្ស័យ ក៏បាន សារភាពថាខ្លួនពិតជាបន្លំលួចខ្សែក ជនរងគ្រោះ ពិតប្រាកដមែន។

ជាមួយគ្នានោះ មន្ត្រីនគរបាល បានឆែកឆេរ និង បានដកហូត វត្ថុតាងពីជនល្មើស រួមមាន ខ្សែក ច្រវ៉ាក់ឆាប ធ្វើអំពី លោហធាតុពណ៌លឿង (មាស) ប្រវែង ៧៧ ស.ម ទម្ងន់១តម្លឹង (របស់ជនរងគ្រោះ)។ ខ្សែក ច្រវ៉ាក់ឆាប ធ្វើអំពីលោហធាតុ ពណ៌ លឿង (កាឡៃ)១ខ្សែ ប្រវែង៤៤ ស.ម ជារបស់ជនល្មើស។ ខ្សែដៃ ច្រវ៉ាក់ឆាប លោហធាតុ ពណ៌លឿង (កាឡៃ) ប្រវែង១៦.៥ ស.ម ជារបស់ជនល្មើស ក្រវិល១គូ លោហធាតុ ពណ៌លឿង មានត្បូង ពណ៌ស ២គ្រាប់ ជារបស់ជនល្មើស។ មន្ត្រីបញ្ជាក់ថាក្រោយសាកសួរ និងដកហូតវត្ថុតាង នគរបាលជំនាញ បានកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូង ខេត្តសៀមរាបដើម្បីចាត់ការបន្ត៕


អត្ថបទ៖ បងម៉េង ខ្មែរណូត