នារីរូបស្រស់បើករថយន្តទំនើប មែកសឺដេស បុករះរថយន្តជាច្រើនគ្រឿង ហើយព្យាយាមរត់គេច តែរត់គេចមិនផុត ហើយកាលពី២ឆ្នាំមុន រថយន្តនេះក៏បើកបុករថយន្តជាច្រើនគ្រឿងដែរ នៅជិតវត្តភ្នំដូចគ្នា
ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក Mercedes មួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករះរថយន្ត PRUIS ២គ្រឿង ហើយមិនឈប់ដោះស្រាយសិនទេ បានបន្ថែមល្បឿនបំណងបើករត់គេច តែក៏រេចង្កូតទៅបុកផ្ទប់រថយន្តកាម៉ារីមួយគ្រឿងទៀត ផ្ទុះពោងសុវត្ថិភាព បើកលែងទៅមុខ ក៏មិនព្រមចុះពីលើរថយន្តមកដោះស្រាយឡើយ លុះពេលក្រុមអ្នកសារព័ត៌មានចុះទៅផ្ដិតយករូបភាព បែរជាមិនឲ្យថត ព្រោះសង្ស័យខ្លាចបែកធ្លាយដឹងដល់ក្រុមគ្រួសារ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។

ហេតុការណ៍ដ៍ភ្ញាក់ផ្អើលទាំងយប់នេះបានកើតឡើងវេលាម៉ោង១១:០៥នាទីយប់ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចស្ពាននាគ លើផ្លូវបំបែកជាបួន លើផ្លូវព្រះនរោត្ដម កែងផ្លូវលេខ១០៦ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកសឺដេស Mercedes Ben ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BD-9899 បើកបរដោយស្រីស្អាតម្នាក់ស្ថិតក្នុងស្ថានភាពស្ររវឹងស្រា បើកក្នុងល្បឿនលឿនដូចហោះ តាមបណ្ដោយផ្លូវ១០៦ ទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុបានបុករថយន្តព្រូសពណ៌ឈាមជ្រូកពាក់ស្លាកលេខ ភ្នំពេញ 2AV-3749 ខ្ទប់ទៅប៉ះរថយន្តព្រូសពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AE-2749 មួយគ្រឿងទៀតបណ្ដាលឲ្យវិញបីជុំនិងរងការខូចខាតយ៉ាងដំណំទាំងពីរគ្រឿង ខណៈដែលរថយន្តព្រូសទាំងពីរនេះធ្វើដំណើរស្របទិសគ្នាពីត្បូងទៅជើង ចំណែករថយន្តបង្កវិញមិនព្រមឈប់បានបន្ថែមល្បឿនដើម្បីគេចមិនទទួលខុសត្រូវ រត់មកដល់ត្រង់ចំណុចផ្លូវ១០២ បានបត់ឆ្វេងដោយល្បឿនលឿនពេកបត់មិនទាន់បានបុករថយន្តកាមរីឆ្លាមពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2G-2917 មួយគ្រឿងទៀត ដែលចតចោលដាក់ផ្លាកលក់លើផ្លូវ១០២ បណ្ដាលអោយខូចខាតមួយចំហៀងឆ្វេងខាងមុខយ៉ាងដំណំ ទៅមុខលែងរួច ទើបប្រជាពលរដ្ឋ នាំគ្នាទៅជួយឃាត់នារីរូបស្រស់ដែលបើករថយន្តបង្កនោះដែរ តែនាងមិនព្រមចុះពីលើរថយន្តឡើយ នេះសំណាងល្អហើយ ដែលមិនបង្កគ្រោះដល់មនុស្សទាំងក្នុងរថយន្ត និងអ្នកធ្វើដំណើរណាម្នាក់ឡើយ ។ បង្កការភ្ញាក់ផ្អើលឡើងដល់ក្រុមអ្នកសារព័ត៌មានជាច្រើន បានចុះទៅផ្ដិតយករូបភាពនៅកន្លែងកើតហេតុបន្តបន្ទាប់គ្នា ចំណែកនារីដែលបើករថយន្តបង្ក បានទូរស័ព្ទប្រាប់បងប្អូនអោយមកកន្លែងកើតហេតុ ដើម្បីជួយដោះស្រាយផងដែរ។
មួយសន្ទុះក្រោយមក គេឃើញមានបងប្អូននារីដែលបើករថយន្តបង្កនោះ មកដល់កន្លែងកើតហេតុបន្តគ្នា ហើយព្យាយាមបិទបាំងមុខនារីម្ចាស់រថយន្តបង្ក ព្រោះមិនចង់អោយអ្នកសារព័ត៌មានថតរូបឡើយ ដោយមានបងប្អូនរបស់នាង បានស្រែកប្រាប់ថា ខ្លាចបែកធ្លាយដឹងដល់ក្រុមគ្រួសាររបស់នាង នាងពិតជាមានបញ្ហាមិនខាន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ត្រង់ចំណុចកើតហេតុ បានអោយភាគីខាងរថយន្តបង្កធ្វើការដោះស្រាយគ្នា ត្រូវគ្នាតែភាគីខាងរថយន្តកាមរីឆ្លាមប៉ុណ្ណោះដោយសងសំណង៤០០$ ចំណែករថយន្តព្រូសទាំងពីរគ្រឿង ដោយរងការខូចខាតធ្ងន់ធ្ងរពេក ដោះស្រាយគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅ ជំនាញចុះមកវាស់វែង ហើយស្ទូចយករថយន្តបង្ក និងរថយន្តដែលរងគ្រោះ យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកឯនារីរូបស្រស់ដែលជាអ្នកបើករថយន្តបង្ក ក៏ត្រូវបានឃាត់ខ្លួន នាំយកទៅស្នងការរាជធានីភ្នំពេញ ធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា កន្លងទៅ២ឆ្នាំមុន រថយន្តស៊េរីទំនើប Marcedes-Benz S550 ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ដដែលនេះ ក៏បានបើកទៅបុករថយន្ត Highlander ដែលកំពុងបត់ឆ្លងផ្លូវចំពីចំហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យខ្ទាតទៅបុករថយន្ត Pirus ដែលចតចោលលើចញ្ចើមផ្លូវ រងការខូចខាតខ្ទេចរថយន្តទាំង៣គ្រឿងតែម្ដង កាលពីនាម៉ោង១២៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខហាង ទិញ-លក់ និងបង់រំលោះរថយន្តគ្រប់ប្រភេទយីហោ ហាក់ ទីន នៅតាមបណ្ដោយផ្លូវលេខ៤៧ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ កាលនោះការដោះស្រាយក៏មិនត្រូវគ្នាដែរ ហើយខាងចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះទាំង២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានី រងចាំឲ្យម្ចាស់រថយន្តទាំង៣គ្រឿង ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទ៖ បងម៉េង ខ្មែរណូត















