លោក ព្រាប សុវត្ថិ យល់ព្រមអនុវត្តតាមសំណូមពរ៣ចំនុច ចំពោះការតវ៉ារបស់ប្រជាពលរដ្ឋថា លោកបង្កការរំខានដល់ពួកគាត់
ករណីប្រជាពលរដ្ឋមានការតវ៉ា ជាមួយលោក ព្រាប សុវត្ថិ យកដីផ្លូវសាធាណៈដាក់សម្ភារៈផ្សេងៗ និងចតរថយន្តលើផ្លូវ ស្ថិតនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ បានចាត់តាំង លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ ដឹកនាំក្រុមការងារធ្វើការសម្របសម្រួលជាមួយភាគីទាំងពីរ។

ជាលទ្ធផលនៃការសម្របសម្រួលនេះ លោក ព្រាប សុវត្ថិ បានលើកឡើងថា លោកគ្មានចេនាក្នុងការរំលោភចង់បានដីសាធារណៈនោះបានដោយផ្ទះរបស់លោកសាងសង់មិនទាន់រួច ហើយរូបលោកនឹងទទួលអនុវត្តតាមសំណូមពររបស់ប្រជាពលរដ្ឋដូចខាងក្រោម៖
+ យល់ព្រមរុះរើសម្ភារផ្សេងៗចេញពីដីផ្លូវសាធារណៈជាប់របងខាងក្រោយដីឡូតិ៍ ដែលគាត់ដាក់ជាបណ្តោះអាសន្នប៉ុណ្ណោះ។
+ យល់ព្រមកែសម្រួលការចតរថយន្តនៅលើផ្លូវសាធារណៈ កុំអោយប៉ះពាល់ការចេញចូលរបស់អ្នកជិតខាង និងកែសម្រួលសម្លេងរថយន្តឮនៅពេលយប់ ដែលគាត់ត្រឡប់មកពីច្រៀងវិញ។
+ នឹងអោយកម្មករកាប់មែកឈើដែលធ្លាក់ចូលដីផ្ទះអ្នកជិតខាង អោយអស់ ។
ប្រជាពលរដ្ឋដែលតវ៉ាបានឯកភាពទទួលយកតាមការសន្យារបស់ លោក ព្រាប សុវត្ថិ ដោយបញ្ហាទាំងនេះពួកគាត់មិនបានជួបចចារនិយាយគ្នាជាមុនទេ បន្ទាប់មកតំណាងប្រជាពលរដ្ឋបានធ្វើការសុំទោសលោក ព្រាប សុវត្ថិ ជាសាធារណៈទៅកាន់អ្នកសារព័ត៌មានវិញ។ ជាការឆ្លើយតបទៅកាន់ប្រជាពលរដ្ឋ ក្រោយពីការសម្របសម្រួលនេះ រដ្ឋបាលខណ្ឌសែនសុខនឹងធ្វើការដាក់គ្រឿងចក្រឈូសឆាយនៅលើផ្លូវសាធារណៈមួយខ្សែនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅមក៕






ប្រភព៖ រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ