ស្ថាបនិកមូលនិធិដុនបូស្កូកម្ពុជា ខំធ្វើដំណើរតាំងពីប៉ោយប៉ែតមកភ្នំពេញ ទាំងហើមជើង ព្រោះគិតថាមានគេផ្ញើអីវ៉ាន់កញ្ចប់មូលនិធិ ចុងក្រោយជាការបោកប្រាស់
ជារឿងមួយគួរឲ្យសោកស្តាយ ដោយមានករណីបោកប្រាស់តាមទូរស័ព្ទដៃ ដោយជនបោកប្រាស់នោះបានទូរស័ព្ទមកកាន់ស្ថាបនិកមូលនិធិដុនបូស្កូកម្ពុជា លោក ចន វីស័រ ដោយថានឹងផ្ញើអីវ៉ាន់ពីអូស្ត្រាលីមកកាន់មូលនិធិនៅកម្ពុជា ដោយតម្រូវឲ្យចំណាយទឹកប្រាក់៥ពាន់ដុល្លារទើបទទួលអីវ៉ាន់បាន។

យ៉ាងណាមិញស្ថាបនិករបស់មូលធិនិដុនបូស្កូកម្ពុជា លោក ចន វីស័រ ក៏បានធ្វើដំណើរតាំងពីប៉ោយប៉ែតមកដល់ភ្នំពេញ ទាំងហើមជើង ដើម្បីមកទទួលអីវ៉ាន់កញ្ចប់មូលនិធិ ចុងក្រោយជាការបោកប្រាស់ ដោយពេលលោកទៅដល់ភ្នំពេញ ត្រូវបានខាងគយប្រាប់ថាមិនមានអីវ៉ាន់ទេ ហើយជាសំណាងលោកក៏មិនបានផ្ញើប្រាក់ដូចអ្វីដែលជនបោកប្រាស់បានឲ្យធ្វើ។ ដោយក្រុមការងារនៃគ្រួសារដុនបូស្កូកម្ពុជា បានសម្តែងការខឹងសម្បារនឹងជនបោកប្រាស់ និងអាណិតដល់ស្ថាបនិករបស់មូលធិនិដុនបូស្កូកម្ពុជា លោក ចន វីស័រ ដែលខំធ្វើដំណើរឆ្ងាយទាំងឈឺជើង ហើយក្រុមការងារក៏បានដាក់ពាក្យបណ្តឹងរួចហើយដែរ។

នេះជាការសរសេររៀបរាប់របស់ Donbosco Cambodian’s Family បានឲ្យដឹងថា៖ “06/03/2020 អាណិតលោកឪពុកខ្លោចចិត្តពួកបោកប្រាស់បានcalled កុហកលោកឪពុកJohn VisserថាខាងAustralia ផ្ញើឥវ៉ាន់donation អោយគាត់។ ដូច្នេះគាត់ត្រូវចំណាយប្រាក់5000$ទើបទទួលឥវ៉ាន់បាន ខ្ញុំប្រាប់បានលោកឪពុកថាគេបោកគាត់តែគាត់អត់ជឿ។ ពេលមកដល់ព្រលានយន្តហោះទៅជួបគយ។ ខាងគយប្រាប់ថាគ្មានអីវ៉ាន់ដុនបូស្កូទេ។សូមអរគុណលោកឃុត សារឿន ដែលបានជួយ។ លោកឪពុកហើមជើងទាំងសងខាងសូមសិស្សចាស់ទាំងអស់សួរសុខទុក្ខលោកផង។ បញ្ជាក់បន្ថែមទៀតថា លោកពុកពុំទាន់បាន វេរលុយអោយជនបោកប្រាស់នោះឡើយ”។
សូមបញ្ជាក់ថាអង្គការមូលនិធិកុមារ ដុន បូស្កូកម្ពុជា(DBCF)ត្រូវបានបង្កើតឡើងដោយអង្គការ ដុន បូស្កូកម្ពុជា(DBFC)ដែលជួយទ្រទ្រង់កុមារអោយចេញផុតពីសហគមន៍ដែលងាយរង គ្រោះអោយមានឧកាសទួលបាននូវការសិក្សា។ មានកុមារជាង ៥០០០០ នាក់ដែលបានទទួលការអប់រំពីមូលនិធិ ដុន បូស្កូកម្ពុជា ( DBFC ) និងមានយុវជនជាង ១០០០០ នាក់ដែលបានទទួលការអប់រំជំនាញ ដែលពួកគេអាចយកទៅរកការងារធ្វើ ដើម្បីអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ពួកគេ ( ១៩៩១ – ២០១៣ )៕



អត្ថបទ៖ ណារ៉ែន