ក្រសួងសុខាភិបាល ប្រកាសថា សមាជិកគ្រួសារទាំង៣នាក់របស់ ជនជាតិខ្មែរដែលឆ្លងជំងឺ COVID-19 លទ្ធផលធ្វើតេស្តបង្ហាញថាអវិជ្ជមាន
តាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអោយដឹងថា ចំពោះក្រុមគ្រួសាររបស់បុរសវ័យ ៣៨ឆ្នាំ ដែលឆ្លងជំងឺ COVID-19 ពីបុរសជនជាតិជប៉ុននោះ ពេលលទ្ធផលទទួលបានហើយ គឺពួកគាត់អវិជ្ជមានទាំង៣នាក់ ពោលគឺមិនមានឆ្លងមេរោគ COVID-19 នោះឡើយ។ គិតមកត្រឹមថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២០ ជនជាតិខ្មែរ ដែលឆ្លងមេរោគ COVID-19 មានតែម្នាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្ស៤នាក់ដែលធ្លាប់ប៉ះពាល់ផ្ទាល់ជាមួយនឹងបុរសជនជាតិជប៉ុន ដែលមានជំងឺ COVID-19។

គួរបញ្ជាក់ផងដែរថា កាលពីល្ងាចថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើសន្និសិទសារព័ត៌មានបន្ទាន់មួយស្តីពីបច្ចុប្បន្នភាពនៃជំងឺផ្លូវដង្ហើមថ្មីដែលគេអោយឈ្មោះថា កូរ៉ូណា រឺ COVID-19 ដោយក្នុងនោះមានជនជាតិខ្មែរម្នាក់ គឺបុរសវ័យ៣៨ឆ្នាំ ដែលធ្លាប់ប៉ះពាល់ដោយផ្ទាល់ ជាមួយនឹងបុរសជនជាតិ បានឆ្លងជំងឺ COVID-19 ហើយពេលនេះគាត់ត្រូវបានក្រុមគ្រូពេទ្យដាក់ដោយឡែកពីគេ ដើម្បីតាមដាននឹងព្យាបាល៕

