លំអិតពីដំណើររឿង នាវាដឹកអ្នកទេសចរណ៍ ចូលចតនៅខេត្តកំពង់ចាម ដែលបានរកឃើញអ្នកទេសចរណ៍ម្នាក់មានផ្ទុកវីរ៉ុស COVID-19
កាលពីវេលាម៉ោងប្រមាណជាង៧យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានធ្វើសន្និសិទសារព័ត៌មានបន្ទាន់មួយទាក់ទងនឹងបច្ចុប្បន្នភាព នៃវីរ៉ុស COVID-19 ដោយក្នុងនោះឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា កម្ពុជា រកឃើញករណីថ្មីមួយទៀត ដែលរកឃើញស្ត្រីជនជាតិអង់គ្លេសម្នាក់វ័យ៦៥ឆ្នាំ មានផ្ទុកវីរ៉ុស COVID-19 ដោយគាត់គឺជាអ្នកទេសចរណ៍ធ្វើដំណើរនៅលើនាវាទេសចរណ៍ឈ្មោះថា Viking Cruise ដែលចូលចតនៅខេត្តកំពង់ចាម។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ស្ត្រីជនជាតិអង់គ្លេសវ័យ៦៥ឆ្នាំ ដែលមានផ្ទុកវីរ៉ុស COVID-19 នេះបានចាកចេញពីទីក្រុងឡុងដុន ប្រទេសអង់គ្លេស មកកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។ ក្រោយមកស្ត្រីជនជាតិអង់គ្លេសរូបនោះ បានធ្វើដំណើរចាកចេញពីទីក្រុងហាណូយ មកកាន់ទីក្រុង ហូជីមីញ ប្រទេសវៀតណាម និងបន្តដំណើរចាកចេញពី ហូជីមីញ នៅថ្ងៃទី៥ ខែមីនា តាមនាវាទេសចរណ៍ Viking Cruise មកកាន់ប្រទេសកម្ពុជា ដោយបានចូលចតនៅទីក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។

ប៉ុន្តែមុននឹងចូលចតនៅភ្នំពេញ ខាងភាគីវៀតណាម បានទាក់ទងមកកាន់អ្នកគ្រប់គ្រងនាវា Viking Cruise ដោយបានបញ្ជាក់ថា មានជនជាតិវៀតណាម ម្នាក់ដែលបានអង្គុយក្បែរគ្នាជាមួយនឹងស្ត្រីជនជាតិអង់គ្លេសរូបនេះ រកឃើញវិជ្ជមាន នៃវីរ៉ុស COVID-19 ហើយអ្នកគ្រប់គ្រងនាវា បានទំនាក់ទនងស្នើរសុំអោយ មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីធ្វើតេស្តភ្ញៀវទេសចរណ៍ ដែលសង្ស័យចំនួន៥នាក់។

ពេលមកដល់ភ្នំពេញ ភ្ញៀវទេសចរណ៍ទាំង៥ ត្រូវបានបញ្ជូនមកកាន់មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីធ្វើតេស្ត ប៉ុន្តែធ្វើតេស្តបានតែ៣នាក់ប៉ុណ្ណោះ ដោយសារតែភ្ញៀវ២នាក់ទៀត ប្រកែកមិនព្រមធ្វើតេស្ត ដោយពួកគេអះអាងថា ពួកគេមានសុខភាពល្អធម្មតា។ ក្រោយមកអ្នកទាំង៣ ដែលបានធ្វើតេស្ត រកឃើញថា មិនមានផ្ទុកវីរ៉ុស COVID-19 ឡើយ ហើយនាវាក៏បានចេញដំណើរទៅកាន់ខេត្តកំពង់ចាម។ លុះទៅដល់ខេត្តកំពង់ចាម ខាងមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត បានធ្វើការទំនាក់ទំនងទៅកាន់មន្ទីរសុខាភិបាលខេត្តកំពង់ចាម ដើម្បីសម្របសម្រួលយ៉ាងណា យកសំណាកភ្ញៀវទេសចរណ៍២នាក់ទៀត ដែលខាងភាគីវៀតណាម សង្ស័យ រហូតដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ មន្ទីរសុខាភិបាល ខេត្តកំពង់ចាម បានយកសំណាកភ្ញៀវ ទាំង២នាក់នោះ បញ្ជូនមកកាន់ វិទ្យាស្ថានប៉ាស្ទ័រ ដើម្បីធ្វើតេស្ត ហើយលទ្ធផលដែលទទួលបាន នៅវេលាម៉ោង ៤ និង ៣០នាទី រសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ នេះរកឃើញថា ក្នុងចំណោមភ្ញៀវទាំង២នាក់នេះ គឺមានម្នាក់ដែលមានផ្ទុកវីរ៉ុស COVID-19 គឺជាស្ត្រីជនជាតិ អង់គ្លេស វ័យ៦៥ឆ្នាំ។
បច្ចុប្បន្នស្ត្រីជនជាតិ អង់គ្លេស រូបនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីព្យាបាល ដាច់ដោយឡែកពីគេ ចំណែកឯភ្ញៀវទេសរណ៍ និងបុគ្គលិកនាវាទេសចរណ៍ទាំងអស់ កំពុងត្រូវបានធ្វើតេស្តជាបន្ត៕

