រន្ធត់ណាស់! ប៉ូលិសម្នាក់ចេញពីហូបការបើករថយន្តលឿនដូចហោះ បុកមនុស្សដើរឆ្លងផ្លូវ ប៉ើងខ្ទាតបោកនឹងថ្នល់ស្លាប់ ត្រូវអ្នកភូមិឡោមព័ទ្ធចាប់បាន
ខេត្តកំពត ៖ ខ្លោចចិត្ត! បុរសម្នាក់ដែលស្លូតបូត និងមានអ្នកភូមិស្រលាញ់រាប់អានច្រើន បានស្លាប់បាត់បង់ជីវិតគួរឲ្យអាសូរ បន្ទាប់ពីគាត់ដើរឆ្លងផ្លូវ ស្រាប់តែត្រូវបានមន្ត្រីនគរបាលមួយរូប ដែលទើបចេញពីហូបការ បានបើករថយន្ត LEXUS 330 បោះពួយយ៉ាងលឿនទៅបុកជនរងគ្រោះខ្ទាតបោកនឹងថ្នល់តែម្ដង នេះបើតាមសហការីខ្មែរណូតយើងទទួលបានពីកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១០ និង២០នាទីយប់ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូរ ខេត្តកំពត ។

រថយន្តបង្កម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-2214 បើកបរដោយឈ្មោះ ឡាយ សុខា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងទូក រស់នៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកឯជនរងគ្រោះមានឈ្មោះ គុយ ស៊ាប ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នកនេសាទ រស់នៅភូមិឃុំកើតហេតុខាងលើ (ស្លាប់ភ្លាមៗនៅនឹងកន្លែង)។
បើតាមបុរសម្នាក់ដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានអោយសហការីខ្មែរណូតយើងដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានមកចូលរួមកម្មវិធីឡើងផ្ទះនៅមុខកន្លែងកើតហេតុ លុះជិតចប់កម្មវិធី ជនរងគ្រោះបានដើរឆ្លងផ្លូវត្រលប់ទៅផ្ទះវិញ ស្រាប់តែមានរថយនបង្កបើកបរដោយមន្ត្រីនគរបាលប៉ុស្តិ៍បឹងទូកខាងលើនោះ សង្ស័យស្រវឹង ព្រោះទើបចេញពីហូបគេដែរ បានធ្វើដំណើរតាមផ្លូវជាតិលេខ៣ ទិសដៅពីលិចទៅកើត បានបុកបុរសរងគ្រោះពេញទំហឹងតែម្ដង បណ្ដាលឲ្យខ្ទាតប៉ើងបោកនឹងថ្នល់បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ផ្អើលអ្នកភូមិដែលកំពុងចូលរួមកម្មវិធីឡើងផ្ទះនោះ រត់ចេញមកជួយចាប់ឃាត់អ្នកបើកបររថយន្តបង្កនោះបានភ្លាមៗ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំកោះតូច នាំខ្លួនទៅស្នាក់ការប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ និងឃាត់ខ្លួនបណ្ដោះអាសន្ន រងចាំប្រគល់អោយជំនាញ ចាត់ការតាមនិតីវិធី។
បច្ចុប្បន្នក្រោយពេលកើតហេតុ រថយន្តបង្ករត្រូវបានសមត្ថកិច្ចបាញ់គំនូស រួចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅបុស្ត៍រដ្ឋបាលឃុំកោះតូច រីឯជនបង្ករត្រូវបានបញ្ជូនទៅអធិការដ្ឋានស្រុកទឹកឈូ ធ្វើការឃាត់ខ្លួន រងចាំកសាងសុំណំរឿងចាត់ការតាមនីតិវិធី ។
ចំណែកឯសពជនរងគ្រោះ បើតាមប្រភពអ្នកឃើញហេតុការណ៍បានអោយដឹងថា បានលើកដាក់តាមរទេះអូសយកទៅផ្ទះធ្វើបុណ្យតាមប្រពៃណី មើលទៅគួរអោយសង្វេកណាស់ ដោយដឹងថាជនរងគ្រោះជាមនុស្សដែលស្លូតបូតនៅក្នុងភូមិ ៕
អត្ថបទ៖ បងម៉េង ខ្មែរណូត




