អធិការដ្ឋានខណ្ឌមានជ័យ បន្តត្រួតពិនិត្យការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនៅផ្លូវ២៧១ ខណៈអ្នកបររថយន្តនិងម៉ូតូ១០នាក់ ពិនិត្យឃើញមានជាតិអាកុលលើស
រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះ ស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយ អធិការដ្ឋានខណ្ឌមានជ័យ បានធ្វើការឃាត់ម៉ូតូជាច្រើនគ្រឿងទៀតហើយ ខណៈដែលម្ចាស់បើកបរឆ្លងកាត់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអ្នកបើកបរយានយន្ដក្រោមឥទ្ធិពលគ្រឿងស្រវឹង ដោយរកឃើញថា អ្នកទាំងនោះបាន ហូបគ្រឿងស្រវឹង ល្មើសច្បាប់ចរាចរណ៍ ដែលត្រូវផាកពិន័យ និងមិនពាក់មួកការពារសុវត្ថិភាព យកទៅរក្សាទុកបណ្ដោះអាសន្ន ចំនួន១ថ្ងៃ ទើបធ្វើការផាកពិន័យតាមច្បាប់ ។
បើតាមប្រសាសន៍លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានរៀបរាប់ប្រាប់សហការីខ្មែរណូតបានដឹងថា ដើម្បីអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃ ព្រហស្បត្តិ៍ ទី១២ ចាប់ពីម៉ោង១១:០០នាទីយប់ ដល់ម៉ោង០២:៣០នាទីទាបភ្លឺ ឈានចូលថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងចម្រុះស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ខានខណ្ឌមានជ័យ ដឹកនាំឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរង ទទួលផែនគ្រឿងញៀន និងចុះជួយខណ្ឌមានជ័យ និងរូបលោកជាអធិការខណ្ឌមានជ័យ ព្រមទាំងអធិការរង៤រូប មានលោកវរសេនីយ៍ទោ នូ ទូច លោកវរសេនីយ៍ត្រី ជឹម សុភ័ក្រ និងលោកវរសេនីយ៍ត្រី គីវ ភិវឌ្ឈន៍ និងលោកស្រីវរសេនីយ៍ត្រី ចាន់ យ៉េន បានដឹកនាំកម្លាំងសរុប៣៧នាក់ ចុះដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអ្នកបើកបរយានយន្ដក្រោមឥទ្ធិពលគ្រឿងស្រវឹង នៅចំណុចមុខឃ្លាំងដែកក្រុមហ៊ុនវេងហ៊ួត លើកំណាត់ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកអធិការខណ្ឌមានជ័យ បន្តទៀតថា ក្នុងការដាក់គោលដៅត្រួតពិនិត្យអ្នកបើកបរជាតិស្រវឹងនេះ កម្លាំងលោកបានធ្វើការអប់រំណែនាំ ដល់បងប្អូនដែលធ្វើដំណើរតាមផ្លូវ សូមឲ្យចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចំណែកឯអ្នកដែលបើកបរម៉ូតូ បានពិសារគ្រឿងស្រវឹងលើសច្បាប់ដែលត្រូវ ផាកពិន័យ និងម៉ូតូពុំមានស្លៀកលេខ រួមទាំងអត់ពាក់មួកការពារសុវត្ថិភាព និងមិនដាក់កញ្ចក់សម្រាប់មើលក្រោយ កម្លាំងនឹងធ្វើការឃាត់យកទៅអធិការដ្ឋានខណ្ឌមានជ័យតែម្ដង ដើម្បីរង់ចាំ ផ្នែកជំនាញ ជាអ្នកធ្វើការផាកពិន័យតាមច្បាប់ផងដែរ។
ចំណែកលទ្ធផលក្នុងការត្រួតពិនិត្យលោក វរសេនីយ៍ត្រី ជឹម សុភក្ត័ អធិការរងទទួលផែនចរាចរណ៍ បានអោយដឹងដែរថា មានយានយន្តគ្រប់ប្រភេទឆ្លងកាត់គោលដៅ ចំនួន ១៩០គ្រឿង បានត្រួតពិនិត្យយានយន្តសរុបចំនួន ១១៥គ្រឿង ក្នុងនោះបានត្រួតពិនិត្យរថយន្ត ៣០គ្រឿង និងត្រួតពិនិត្យម៉ូតូចំនួន ៨៥គ្រឿង ក្នុងនោះម៉ូតូចំនួន ៤៣គ្រឿង ដែលមានអ្នកបើកបរមិនពាក់មួកសុវត្ថិភាព ចំនួន ៤៣នាក់នោះ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ លើកឡើងរថយន្តយកទៅរក្សាទុកចំនួន០១ថ្ងៃ នៅអធិការដ្ឋានខណ្ឌមានជ័យ ទើបធ្វើការបង់ផាកពិន័យតាមផ្លូវច្បាប់ ។
ចំណែកឯអ្នកបើកបរយានយន្ដក្រោមឥទ្ធិពលជាតិស្រវឹង កម្រិតអប់រំអាត្រាជាតិអាកុលក្រោម 0,25mg/L សរុបចំនួន០៩នាក់ មានអ្នកបើកបររថយន្ត ចំនួន ០២នាក់ និងអ្នកបើកបរម៉ូតូចំនួន ០៧នាក់ និងអាត្រាជាតិអាកុលលើសពី 0,40mg/L មានចំនួន០១នាក់ គឺអ្នកបើកបររថយន្ត ០១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2BF-7370 ដែលមិនព្រមសហការជាមួយសមត្ថកិច្ចឡើយ ក្នុងការវាស់ជាតិអាកុលឡើយ ទើបកម្លាំងសុំគោលការណ៍នាំខ្លួន បញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ។
ចំណែកឯម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមមួយគ្រឿង ដែលម្ចាស់និងអ្នករួមដំណើរ ត្រូវបានកម្លាំងត្រួតពិនិត្យឆែកឆេររកឃើញ សម្ភាៈប្រើប្រាស់គ្រឿងញៀន មួយកំផ្លេរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងធ្វើតេស្ត ទឹកនោម រកសារធាតុញៀន លទ្ធផល វិជ្ជមាន ចំណែកឯអ្នកបើកបរ មិនព្រមនោម អោយសមត្ថកិច្ចធ្វើតេស្ដឡើយ ត្រូវបានបញ្ជូនទៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីរង់ចាំ ប្រគល់អោយជំនាញ ផ្នែកគ្រឿងញៀនប៉ុស្តិ៍+ខណ្ឌ ធ្វើការចាត់ការបន្តតាមនិតីវិធី ។

អ្នកយកព័ត៌មានយើង បានរាយការណ៍ថា នៅយប់ថ្ងៃដដែលនេះ គោលដៅ ត្រួតពិនិត្យការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ទៅលើអ្នកបើកបរយានយន្តគ្រប់ប្រភេទ មាន៧គោលដៅ ដូចជា ទី១.អធិការដ្ឋាន ខណ្ឌច្បារអំពៅ នៅចំណុចមុខចំណតរថយន្តយាយផាន់ លើផ្លូវជាតិលេខ១ សង្កាត់និរោធ ។ ទី២.អធិការដ្ឋាន ខណ្ឌមានជ័យ លើផ្លូវ២៧១ មុខឃ្លាំងដែក សង្កាត់ចាក់អង្រែលើ ។ ទី៣.អធិការដ្ឋាន ខណ្ឌពោធិសែនជ័យ នៅចំណុចមុខផ្សារ ស៊ិនជូរី ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ។ ៤.អធិការដ្ឋានខណ្ឌទួលគោក នៅចំណុចមុខផ្សារហេងលី លើផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី៣ ។ ៥.អធិការដ្ឋាន ខណ្ឌបឹងកេងកង នៅចំណុចមុខសាលាវ៉ាន់ដា លើផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ។ ៦.អធិការដ្ឋានខណ្ឌឬស្សីកែវ នៅចំណុចមុខវិទ្យាល័យឬស្សីកែវ ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ។ ៧.អធិការដ្ឋាន ខណ្ឌព្រែកព្នៅ ផ្លូវ១៥១ កែងស្ពានឡុងឈិន ខណ្ឌព្រែកព្នៅ ៕

អត្ថបទរូបភាព៖ បងម៉េង ខ្មែរណូត