ក្រសួងអប់រំ បង្កើតកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) សម្រាប់ជំនួយដល់សិស្សថ្នាក់ទី១២ និងទី៩ ដែលបានផ្អាកការសិក្សាជាបណ្ដោះអាសន្ន នៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងក្រុងសៀមរាប
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស បង្កើតកម្មវិធីសិក្សា «ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក-E-Learning» សម្រាប់ជំនួយដល់សិស្សានុសិស្ស ដែលបានផ្អាកការសិក្សាជាបណ្ដោះអាសន្ននៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងក្រុងសៀមរាប ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។
យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា ដើម្បីជាជំនួយដល់ការសិក្សារបស់ សិស្សថ្នាក់ទី១២ និងទី៩ ដែលបានផ្អាកការសិក្សាជាបណ្តោះអាសន្ននៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ ក៏ដូចជាសម្រាប់សិស្សដទៃទៀតដែលមានបំណងទទួលការបំប៉នបន្ថែម។ ក្រសួងបានបង្កើតកម្មវិធីសិក្សា “ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning)” ដោយឥតគិតថ្លៃលើមុខវិជ្ជាឯកទេសចំនួន០៦ (គណិត ប្រវត្តិ រូបវិទ្យា គីមី ជីវវិទ្យា និងភាសាខ្មែរ) ដែលអាចឲ្យប្អូនៗសិស្សានុសិស្សទាំងអស់អាចសិក្សាដោយខ្លួនឯងបាននៅលើបណ្តាញសង្គមផ្លូវការ និងប្រព័ន្ធសិក្សាតាមអេឡិចត្រូនិចរបស់ក្រសួង។
អាចសិក្សាគ្រប់ទីកន្លែង សម្រាប់ជាជំនួយស្មារតី ក្នុងការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ តាមកាលបរិច្ឆេទដែលបានគ្រោងទុក។
ក្រសួងនឹងដាក់ឲ្យដំណើរការកម្មវិធីបង្រៀនតាមអេឡិចត្រូនិក ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ តទៅ ដោយសិស្សានុសិស្សអាចសិក្សាបានតាមរយៈមធ្យោបាយដូចខាងក្រោម៖
១ លើបណ្តាលយូធូប www.youtube.com/moeys
២ ទំព័រហ្វេសប៊ុកផ្លូវការ www.facebook.com/moeys.gov.kh
៣ មជ្ឈមណ្ឌលសិក្សាអេឡិចត្រូនិចរបស់ក្រសួង elearning.moeys.gov.kh៕

ដោយ៖ ណារ៉ែន