លោកជំទាវ ឱ វណ្ណឌីន៖ ភ្ញៀវទេសចរណ៍ម្នាក់ រត់គេចពីក្រុមគ្រូពេទ្យ ពីភ្នំពេញទៅដល់ខេត្តកំពត ក្រោយរកឃើញថាមានកំដៅលើស៣៨អង្សា ពេលចូលទស្សនាសារមន្ទីរទួលស្លែង បច្ចុប្បន្នពួកគេមានសុខភាពល្អធម្មតា និងកំពុងរងចាំលទ្ធផលធ្វើតេស្តពីប៉ាស្ទ័រ
បានតាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ទៅកាន់សារព័ត៌មាន Freshnews បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញជនបរទេស២នាក់ មានកំដៅលើស៣៨អង្សា ពេលចូលទស្សនាសារមន្ទីរទួលស្លែង ហើយក្នុងនោះមានជនជាតិអង់គ្លេសម្នាក់ អាយុ៣២ឆ្នាំ បានរត់គេចក្នុងពេលក្រុមគ្រូពេទ្យយកទៅពិនិត្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប៉ុន្តែដោយមានកិច្ចសហការជាមួយអាជ្ញាធរ ក្រសួងបានរកឃើញគាត់ជាថ្មីម្តងទៀតនៅខេត្តកំពត ហើយក្រុមគ្រូពេទ្យសុខាភិបាលបានយកគាត់ទៅសម្រាក នៅមន្ទីរពេទ្យបង្អែកខេត្តកំពត និងបានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ចំពោះជនជាតិចិនម្នាក់ទៀតដែលមានកំដៅលើស៣៨អង្សាដូចគ្នានោះ ត្រូវបានមន្រ្តីសុខាភិបាលយកមកពិនិត្យ និងដាក់អោយសម្រាកដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងយកសំណាករបស់គាត់ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ។ លោកជំទាវ ឱ វណ្ណឌីន ដដែលបានបញ្ជាក់អោយដឹងទៀតថា ជនបរទេសទាំងពីររូបមានសុខភាពល្អធម្មតា ដោយមិនមានរោគសញ្ញាអ្វីក្រៅពីឡើងកំដៅ៣៨អង្សានោះទេ ហើយពេលនេះយើងកំពុងរង់ចាំលទ្ធផលធ្វើតេស្តរបស់ពួកគាត់។ លើសពីនេះទៅទៀត លោកជំទាវ បានអំពាវនាវអោយប្រជាពលរដ្ឋកុំមានការភ័យខ្លាច និងបារម្ភខ្លាំងពេកចំពោះករណីទាំង២នេះ ដោយសារជនបរទេសទាំង២នាក់នេះ មិនមែនជាភ្ញៀវទេសចរដែលធ្វើដំណើរជាមួយនឹងនាវាទេសចរណ៍ Viking Cruise Journey នោះឡើយ៕

