អគ្គិភ័យឆេះផ្សារបឹងកុក បំផ្លាញតូបរាប់សិបតូប មិនទាន់ដឹងពីមូលហេតុ និងទំហំនៃការខូចខាតទេ
ខេត្តកំពង់ចាម ៖ អគ្គីភ័យ បានឆាបឆេះតូបលក់ដូរ របស់បងប្អូន នៅផ្សារបឹងកុក ក្រុងកំពង់ចាម យ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើលឡើងដល់ បងប្អូនប្រជាពលរដ្ឋ និង អាជ្ញាធរ ព្រមទាំងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ សហការជាមួយ រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង កំពុងចេញអន្តរាគមន៍ ទាំងកណ្ដាលយប់ ។ គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ មានករណីអគ្គិភ័យត្រង់ចំណុចផ្សារបឹងកុក ភូមិទី៧ ឃុំបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្នុងហេតុការណ៍នេះលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ឯម កុសល បានដឹកនាំបញ្ជាផ្ទាល់ ឲ្យចេញរថយន្តអគ្គិភ័យខេត្តកំពង់ចាមចំនួន ៣គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ១គ្រឿង បាធាយ ២គ្រឿង ព្រៃឈរ ២គ្រឿង កំពង់សៀម ១គ្រឿង ចម្ការលើ១គ្រឿង កងមាស ១គ្រឿង ស្ទឹងត្រង់ ១គ្រឿង កោះសូទិន ១គ្រឿង ចេញប្រតិបត្តិការជាបន្ទាន់ ដោយមានការដឹកនាំមកពីសំណាក់លោកអធិការ-អធិការរងដោយផ្ទាល់ផងដែរ។

ខណៈនោះដែរ ដោយមើល ឃើញពីវិសាលភាព នៃអគ្គិភ័យនេះមានទំហំធំធេង លោកស្នងការ ក៏បានសុំការជួយការអន្តរាគមន៍ ពីលោកស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកក៏បានជួយសម្រួលផ្ដល់ជូនរថយន្តអគ្គិភ័យរបស់ខេត្តត្បូងឃ្មុំ ចំនួន ៤គ្រឿង ជាបន្ទាន់ផងដែរ។
សរុបរថយន្តដែលប្រើប្រាស់ ក្នុងប្រតិបត្តិការនេះ គឺមានចំនួន ១៧គ្រឿង ប្រើទឹកអស់ ៣៦សឺទែន និងប្រើប្រាស់កម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្ត កម្លាំងផែនសណ្ដាប់ធ្នាប់ អគ្គិភ័យ កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម សរុបរួម ១៩២នាក់ ។
អគ្គិភ័យនេះ គ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ១និង៣៥នាទីទៀបភ្លឺ ដែលប្រតិបត្តិការនេះចំណាយអស់រយ:ពេលជាង ២ម៉ោង។ សូមបញ្ជាក់៖ ទំហំនៃការខូចខាត និងដើមហេតុ ដែលបណ្ដាលឲ្យកើតអគ្គិភ័យ រង់ចាំសមត្ថកិច្ចជំនាញ ធ្វើការសនិ្នដ្ឋាន និងវាយតម្លៃពេលក្រោយ ៕





អត្ថបទ៖ បងម៉េង ខ្មែរណូត