វិបត្តិគ្រួសារច្រើនពេក នារីម្នាក់គិតខ្លីប៉ុនប៉ងលោតសម្លាប់ខ្លួនពីស្ពានអាកាស៧មករា សំណាងល្អប្រជាពលរដ្ឋជួយទាន់
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ ព្រោះតែមានវិបត្តិក្នុងគ្រួសារបានផឹកស្រាស្រវឹង រួចគិតខ្លី ប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើស្ពានអាកាស ៧មករា តែមិនបានសម្រេច ខណៈដែល កំពុងធ្វើការដំណើរ នៅលើរថយន្តជាមួយប្អូនថ្លៃ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០០:១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចខាងលើស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ឈ្មោះ ស្រីម៉ូ អាយុ៣២ឆ្នាំ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គាត់និងប្តីរបស់គាត់ បានបើកបរម៉ូតូ១គ្រឿង ម៉ាក YAMAHA AEROK ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HY-7589 ទើបតែជិះចេញមកពីកម្មវិធីខួបកំណើតគេ នៅផ្សារដើមថ្កូវ ហើយបម្រុងជិះត្រឡប់ទៅផ្ទះវិញ នៅឯទួលគោក ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ត១គ្រឿងម៉ាក TOYOYA Hilux Revo ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BE-2556 បើកបរដោយស្ត្រី២នាក់ ក្នុងទិសដៅស្របទិសគ្នា។
ប្រភពដដែល បានបន្ថែមថា រថយន្តខាងលើ បើកបរក្នុងស្ថានភាព រេពេញផ្លូវ ហើយបានឈប់ៗ ប៊ិះកៀរម៉ូតូប្តីប្រពន្ធពីរនាក់គាត់ថែមទៀតផង។ ខណៈនោះ ស្រាប់តែមានស្ត្រីម្នាក់ ដែលជាអ្នករួមដំណើរ បានបើកទ្វាររថយន្ត ស្ទុះចេញមកខាងក្រៅ រត់ឡើងលើបង្កាន់ដៃស្ពានអាកាស៧មករា បំណងលោតសម្លាប់ខ្លួន តែត្រូវប្តីស្ត្រីជិះម៉ូតូខាងលើ បានផ្តួលម៉ូតូរបស់ខ្លួនចោល ហើយស្ទុះទៅជួយចាប់ឃាត់ស្ត្រី ដែលគិតខ្លីទាន់ពេលវេលា ដែលបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ភ្លាមៗតែម្ដង។

តាមសម្តីពីនារីជាប្អូនថ្លៃ បានឲ្យដឹងថា ស្ត្រីដែលគិតខ្លីនោះ ត្រូវជាបងថ្លៃរបស់ខ្លួន។ នៅមុនកើតហេតុ បងថ្លៃរបស់ខ្លួន បានផឹកស្រាស្រវឹង ព្រោះតែគាត់មានវិបត្តិ ក្នុងគ្រួសាររឿងប្តីលួចមានស្រី។ ដោយសារបងថ្លៃស្រវឹង មិនអាចបើករថយន្តបាន កញ្ញាក៏សម្រេចបើករថយន្តដឹកបងថ្លៃ ចេញពីហាងផឹកស៊ីមួយកន្លែង ជូនត្រឡប់ទៅផ្ទះវិញ។
ខណ:កំពុងធ្វើដំណើរតាមដងផ្លូវ គឺបងថ្លៃកញ្ញា បានបម្រុងបើកទ្វារលោតចុះពីលើរថយន្តពីរទៅបីដង រួចមកហើយ តែត្រូវបានកញ្ញាចាប់ទាញដៃជាប់ និងនិយាយលួងលោម។ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែបងថ្លៃស្ទុះបើកទ្វាររថយន្ត ប៉ុនប៉ងលោតសម្លាប់ខ្លួន ពីលើស្ពានអាកាស៧មករាតែសំណាងល្អ ក៏ត្រូវបានប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ រត់មកជួយចាប់ឃាត់ទាន់។ ក្រោយកើតហេតុ បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានធ្វើការអប់រំណែនាំស្ត្រី ដែលមានវិបត្តិក្នុងគ្រួសារ រួចមកក៏បានឡើងបើករថយន្ត ដឹកស្ត្រីបងថ្លៃបន្តដំណើរចេញពីកន្លែងកើតហេតុបាត់ទៅ៕


អត្ថបទនិងរូបភាព៖ បងម៉េង ខ្មែរណូត