សំរាមប្រមាណជាង១តោន ត្រូវបានអាជ្ញាធរនិងបងប្អូនប្រជាពលរដ្ឋ ធ្វើការប្រមូលយកចេញពីដងស្ទឹង និងទីសាធារណៈ ក្នុងក្រុងសៀមរាប
ក្រុងសៀមរាប ៖ អាជ្ញាធរសង្កាត់សៀមរាប ដោយមានការចូលរួមពី បងប្អូនប្រជាពលរដ្ឋ ប្រជាការពារ យុវជន និងបុគ្គលិកអង្គការសង្គមស៉ីវិល បានរួមគ្នាធ្វើការប្រមូលសំរាម និងកាកសំណល់ផ្លាសស្ទិក ចេញពីដងស្ទឹង និងទីសាធារណៈ ក្នុងភូមិសាស្ត្រភូមិស្ពានជ្រាវ និងតាមដងផ្លូវជុំវិញភ្នំក្រោម ផ្លូវឡើងភ្នំក្រោម កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

គោលបំណង នៃការចលនាសកម្មភាពនេះឡើង គឺដើម្បីអបអរសាទរបុណ្យទន្លេលើកទី៦ ដែលរៀបចំដោយរាជរដ្ឋាភិបាលនៅខេត្តបាត់ដំបង រួមចំណែកធ្វើឲ្យស្ទឹងសៀមរាបស្អាត និងតាមបណ្ដាភូមិគ្មានសំរាមស្របតាមពាក្យស្លោករបស់លោកអភិបាលក្រុងបានដាក់ចេញ “សៀម រាបផ្ទះខ្ញុំ”។
សមាសភាពដែលបានចូលរួមទាំ២ទីតាំងនេះមានក្រុមប្រឹក្សាសង្កាត់ ថ្នាក់ដឹកនាំភូមិ អង្គការមូលនិធិទំពាំងស្នងប្ញស្សី អង្គការECC គ្រូស្ម័គ្រចិត្តបរទេស លោកគ្រូ អ្នកគ្រូ ប្រជាការពារប្រជាពលរដ្ឋសរុប ២០៨នាក់ ស្រី១១៥នាក់។

សូមបញ្ជាក់ផងដែរថា ការប្រើប្រាស់សម្ភារ មានដូចជា ទូក១គ្រឿងជារបស់សង្កាត់ផ្ទាល់ បានពីការជួយរបស់អង្គការមូលនិធិទំពាំស្នងប្ញស្សី អាវយឺតចំនួន៣០ ស្រោមដៃមួយចំនួនសម្រាប់អ្នកចូលរួមទាំងអស់ និងការុងសម្រាប់ដាក់សំរាមមួយចំនួន ហើយលទ្ធផលយើងប្រមូលសំរាមចេញពស្ទឹងសៀមរាប បានប្រមាណ១តោន និងប្រមូលនៅភូមិភ្នំក្រោមបានប្រមាណ២៥០គ.ក្រ សរុបប្រមាណ ១២៥០គីឡូក្រាម៕




ប្រភព៖យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប