រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងវីរុស COVID-19
ឥណ្ឌូនេស៊ី៖ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃប្រទេសឥណ្ឌូនេស៊ី គឺលោក Budi Karya Sumadi ត្រូវបានគេតេស្តវិជ្ជមានជាមួយនឹងមេរោគ COVID-19។ ភា្លមៗក្រោយការធ្វើតេស្តវិជ្ជមាននៃមេរោគដ៏កាចសាហាវមួយនេះ លោក Budi Karya Sumadi ត្រូវបានបញ្ជូនទៅសម្រាកនិងព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងទីក្រុងចាកាតា ខណៈសមាជិកក្រុមគ្រួសាររបស់គាត់កំពុងត្រូវបានគេតាមដានសុខភាពយ៉ាងពិសេសមួយ។ ករណីលោក Budi Karya Sumadi បានក្លាយជាករណីទីមួយហើយ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ី ដែលត្រូវបានគេរកឃើញវិជ្ជមានជាមួយនឹងវីរុស។

សូមរម្លឹកថា កន្លងមកមានមន្ត្រីជាន់ខ្ពស់របស់ឥណ្ឌូនេស៊ីជាច្រើនរូប (មានប្រភពខ្លះបានឲ្យដឹងថាមានទាំងនាយករដ្ឋមន្ត្រីឥណ្ឌូនេស៊ីទៀតផង) ត្រូវបានគេធ្វើតេស្តរកមេរោគ COVID-19 ប៉ុន្តែលទ្ធផលសុទ្ធតែអវិជ្ជមានទាំងអស់។ គិតមកទល់នឹងពេលនេះឥណ្ឌូនេស៊ីមានអ្នកឆ្លងមេរោគ COVID-19 សរុបចំនួន ១១៧ករណី ស្លាប់ចំនួន ៥ករណី និងព្យាបាលឲ្យជាសះស្បើយមានចំនួន ៨ករណីផងដែរ៕


អត្ថបទ៖ភក្តី