តារាចម្រៀងនិងតារាសម្តែងថៃ Lydia ប្រកាសថាខ្លួនបានឆ្លងវីរុស COVID-19 បន្ទាប់ពីស្វាមីនាងទើបតែប្រកាសថាបានឆ្លងកាលពីប៉ុន្មានថ្ងៃមុន
ថៃ៖ តារាចម្រៀងនិងតារាសម្តែងថៃ Lydia Sarunrat Deane បានប្រកាសថានាងបានឆ្លងវីរុស COVID-19 ដែលលទ្ធផលគឺវិជ្ជមាន បន្ទាប់ពីលោក Matthew Deane ជាស្វាមីនាងបានប្រកាសថាវាបានឆ្លងកាលពីប៉ុន្មានថ្ងៃមុន។

ដោយអ្នកនាងបានឲ្យដឹងថា កូនៗរបស់ខ្លួនពេលនេះសុខភាពល្អទេ ហើយក៏កំពុងរង់ចាំលទ្ធផលចេញមកផងដែរ។ Lydia បានបង្ហោះនៅលើបណ្តាញសង្គមថា ពេលនេះនាងស្ថិតនៅក្នុងមន្ទីរពេទ្យជាមួយនឹងស្វាមី ហើយកូនៗនាងក៏នៅតាមដានសុខភាព នៅជាមួយលោកតាលោកយាយ អ្វីដែលនាងត្រូវធ្វើនៅពេលនេះគឺត្រូវតាំងសតិ តស៊ូជាមួយនឹងវីរុសដែលមិនទាន់មានថ្នាំព្យាបាល។

តារាថៃអាយុ៣២ឆ្នាំនេះ បានអោយដឹងទៀតថា អ្នកដែលបានប៉ះពាល់ស្វាមីនាងភាគច្រើនចេញលទ្ធផលមកអត់ឆ្លង ប៉ុន្តែក៏ត្រូវតាមដានសុខភាព ហើយខណៈនេះនាងមានអាការៈតឹង ច្រមុះ ឈឺក ឡើងកំដៅ៣៨អង្សា ហើយកំពុងស្ថិតនៅក្រោមការតាមដានរបស់ក្រុមគ្រូពេទ្យ នាងក៏បាននិយាយពីស្ថានភាពបច្ចុប្បន្នថា ស្របពេលនេះនៅថៃ ពិតជាពិបាករកគ្រែគេងក្នុងការព្យាបាល។ យ៉ាងណាមិញក្រោយពីមានការប្រកាសថានាងនិងស្វាមីកំពុងមានវីរុស COVID-19 មិត្តៗក្នុងសិល្បៈ និងអ្នកគាំទ្របានធ្វើការលើកទឹកចិត្ត អោយនាងនិងស្វាមីតស៊ូតតាំងនឹងវីរុសមួយនេះ៕




ប្រភព៖ Thairath