ម៉ាឡេស៊ីប្រកាសបិទប្រទេសទាំងមូល ២សប្ដាហ៍ ដើម្បីទប់ស្កាតការរីករាលដាលនៃ COVID-19 ខណៈកំពុងមានករណីសរុបចំនួន ៥៥៣
នាយករដ្ឋមន្រ្តីថ្មីម៉ាឡេស៊ីលោក Muhyiddin Yassin បានប្រកាសកាលពីថ្ងៃច័ន្ទនេះ អំពីការបិទទូទាំងប្រទេសរយៈពេល ២សប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងថ្មី COVID-19 ។ លោក Muhyiddin បាននិយាយថា ចាប់ផ្តើមពីថ្ងៃពុធនេះការចូលរបស់ជនបរទេសនឹងត្រូវហាមឃាត់ ខណៈប្រជាជនម៉ាឡេស៊ីនឹងត្រូវហាមឃាត់មិនឱ្យធ្វើដំណើរទៅបរទេសនោះទេ។ អ្នកដែលទើបត្រឡប់មកពីបរទេសក៏ត្រូវមកពិនិត្យ និងធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល ១៤ថ្ងៃ។

រាល់សកម្មភាពសាធារណៈ សាសនា ឬផ្សេងទៀតត្រូវពន្យារពេល ជំនួញត្រូវបិទទ្វារលើកលែងតែទីផ្សារ និងហាង ដែលលក់របស់របរចាំបាច់ប្រចាំថ្ងៃ។ សាលារៀនក៏ត្រូវបិទផងដែរ។ នៅក្នុងសុន្ទរកថា ដែលផ្សាយតាមទូរទស្សន៍ពិសេសមូយលោក Muhyiddin បានអំពាវនាវឲ្យមាន “បទបញ្ជាការរឹតត្បិតលើចលនា” ដោយដកស្រង់ច្បាប់ការពារ និងគ្រប់គ្រងជំងឺឆ្នាំ១៩៨៨ និងច្បាប់ប៉ូលីសឆ្នាំ១៩៦៧។ គួរឲ្យដឹងដែរថា ប្រទេសម៉ាឡេស៊ីពេលនេះមានករណីសរុប ៥៥៣ គិតត្រឹមថ្ងៃចន្ទ៕


អត្ថបទ៖ លីដា