ខេត្តបូរីរ៉ាំប្រទេសថៃត្រូវបានបិទទាំងស្រុង ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩
ថៃ៖ អភិបាលនៃគណៈអភិបាលខេត្តបូរីរ៉ាំ បានសម្រេចបិទខេត្តទាំងមូលតែម្តងដើម្បីការពារការរីករាលដាលនៃមេរោគ Covid-19 បើទោះបីជាខេត្តភាគខាងជើងនៃប្រទេសថៃមួយនេះមិនទាន់មានករណីអ្នកឆ្លងមេរោគក៏ដោយ។ លោក Thatchakorn Hattathay អភិបាលខេត្តបូរីរ៉ាំបានឲ្យដឹងថា ការសម្រេចបិទខេត្តទាំងមូលនេះគឺជាវិធានការបង្ការទុកមុនដើម្បីធានាបាននូវសុវត្ថិភាពចំពោះប្រជាពលរដ្ឋ ខណៈចំនួនអ្នកឆ្លងមេរោគ Covid-19 នៅក្នុងប្រទេសថៃបានកើនឡើងជាបន្តបន្ទាប់។ អភិបាលខេត្តរូបនេះបានបញ្ជាក់ថា វិធានការខាងលើនេះនឹងត្រូវអនុវត្តក្នុងរយៈពេល ៣០ ថ្ងៃ ឬអាចអូសបន្លាយវែងជាងនេះតាមភាពចាំបាច់ជាក់ស្តែង។
ក្នុងរយៈពេលអនុវត្តវិធានការមួយនេះ រាល់អ្នកដំណើរទាំងអស់រួមទាំងប្រជាពលរដ្ឋថៃខ្លួនឯងផងមុននឹងចូលក្នុងខេត្តបូរីរ៉ាំត្រូវតែឲ្យគេពិនិត្យសុខភាពជាមុនសិន ហើយបើអ្នកដំណើរណាមានអការៈមិនស្រួលខ្លួនឬសង្ស័យថាបានឆ្លងមេរោគ នឹងត្រូវបានគេយកទៅដាក់ឲ្យនៅដាច់ដោយឡែក ១៤ ថ្ងៃតែម្តងដើម្បីតាមដានសុខភាព។ បន្ថែមពីការអនុវត្តវិធានការខាងលើ លោក Thatchakorn Hattathay ក៏បានហាមមិនឲ្យប្រជាពលរដ្ឋមានការជួបជុំគ្នាដែលមានចំនួនមនុស្សលើសពី ៥០ នាក់ផងដែរ។ សូមបញ្ជាក់ថា បូរីរ៉ាំគឺជាខេត្តដំបូងគេក្នុងប្រទេសថៃដែលបានអនុវត្តវិធានការតឹងរឹងដូចខាងលើនេះ ខណៈថៃមានអ្នកឆ្លងមេរោគ Covid-19 សរុបរហូតដល់ ១៤៧ ករណី និងស្លាប់ ១ករណីផងដែរ៕

អត្ថបទ៖ ភក្តី
