សម្តេចតេជោ អោយផ្អាកការប្រគុំតន្ត្រីតាមទីសាធារណៈ ទាំងអស់ទូទាំងប្រទេស ចាប់ពីយប់នេះទៅ
ផ្អែកតាមព័ត៌មានចុងក្រោយនៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាលកម្ពុជាបានអោយដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានថ្មី វីរុស កូវីដ-១៩ ចំនួន៩ករណីបន្ថែមទៀត ដោយក្នុងនោះមាន០៣ករណីនៅខេត្តកែប ០១ករណីនៅខេត្តសៀមរាប ០១ករណីនៅខេត្តកំពង់ឆ្នាំង ០២ករណីនៅភ្នំពេញ ០១ករណីនៅខេត្តកោះកុង និង០១ករណីទៀតនៅខេត្តត្បូងឃ្មុំ។ នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដដែលនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអោយផ្អាកការប្រគុំតន្ត្រីនានាតាមទីសាធារណៈ ដែលមានមនុស្សចូលរួមច្រើនកុះករ នៅទូទាំងប្រទេស ក្នុងស្ថានភាពវីរុស កូវីដ-១៩ កំពុងរីករាលដាលជាសកល។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាលបានធ្វើសេចក្តីប្រកាសចំនួន២ដង ដោយកាលពីព្រឹកមិញនេះ ក្រសួងបានប្រកាសរកឃើញវិជ្ជមានថ្មី វីរុស កូវីដ-១៩ ចំនួន១២ករណី ហើយនៅយប់ឡើងក្រសួងបានប្រកាសរកឃើញវិជ្ជមានថ្មីចំនួន៩ករណីទៀត ដែលសរុបក្នុងមួយថ្ងៃ រកឃើញ២១ករណី។ គិតមកទល់ពេលនេះ ករណីវិជ្ជមាន កូវីដ-១៩ នៅកម្ពុជា កើនឡើងដល់ ៣៣ករណីហើយ ដោយគិតត្រឹមម៉ោង ៩ យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះ៕
