បុគ្គលិកអង្គការសុខភាពពិភពលោកចំនួន ២នាក់ បានឆ្លងវីរុស កូវីដ១៩
មន្ត្រីមកពីអង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃនេះថា បុគ្គលិក២នាក់របស់ខ្លួនត្រូវបានបញ្ជាក់ថាវិជ្ជមានជាមួយវីរុស កូវីដ-១៩ ។ WHO បាននិយាយថា បុគ្គលិកទាំង២ បានចាប់ផ្តើមបង្ហាញរោគសញ្ញានៅផ្ទះខ្លួនឯង ហើយបន្ទាប់មកក៏ត្រូវបានធ្វើតេស្ត។ ព័ត៌មាននៃការធ្វើរោគវិនិច្ឆ័យរបស់អ្នកទាំង២បានកើតឡើង នៅពេលដែលការិយាល័យប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំអ៉ឺរ៉ុប តម្រូវឲ្យមានវិធានការណ៍តឹងរឹងដោយសារនៅទ្វីបអ៉ឺរ៉ុបមានការរាតត្បាតខ្លាំងបំផុត។ ករណីថ្មីទាំង២ គឺជាលើកដំបូងបំផុតរបស់អង្គការ ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវមួយនេះ។

វាមិនច្បាស់ទេថា តើបុគ្គលិកដែលឆ្លងវីរុសនេះកំពុងធ្វើការក្នុងការឆ្លើយតបនឹងមេរោគនេះ។ លោក Hans Kluge នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំអ៉ឺរ៉ុបបានប្រាប់សន្និសីទកាសែតថា៖«គ្រប់ប្រទេសទាំងអស់ត្រូវចាត់វិធានការតឹងរឹងបំផុត ដើម្បីបញ្ឈប់ ឬបន្ថយការគំរាមកំហែងនៃវីរុស»។ លោកបានបន្ថែមទៀតថា បើអ្នកគិតថា «រឿងនេះមិនពាក់ព័ន្ធនឹងខ្ញុំទេ» វាមិនមែនជាជម្រើសទេ។ គួរឲ្យដឹងដែរថា យោងតាមមជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺអ៉ឺរ៉ុបបានឲ្យដឹងថា ពេលនេះមានករណីជាង ១៨០,០០០ ត្រូវបានបញ្ជាក់ទូទាំងពិភពលោកកាលពីថ្ងៃអង្គារ៕




អត្ថបទ៖ លីដា