ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសចិនសម្រេចប្រើប្រាស់ថ្នាំប្រឆាំងផ្ដាសាយ Avigan របស់ជប៉ុន ដើម្បីព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩

    BY autoadmin March 18, 2020
    ប្រទេសចិនសម្រេចប្រើប្រាស់ថ្នាំប្រឆាំងផ្ដាសាយ Avigan របស់ជប៉ុន ដើម្បីព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩

    រដ្ឋាភិបាលចិននិយាយថា ខ្លួនបានសម្រេចជាផ្លូវការក្នុងការប្រើថ្នាំប្រឆាំងនឹងជំងឺផ្តាសាយដែលបង្កើតដោយជប៉ុន សម្រាប់ការព្យាបាលអ្នកដែលឆ្លងវីរុសកូវីដ១៩។ លោក ចាង ស៊ីនមីន (Zhang Xinmin) ប្រធានមជ្ឈមណ្ឌលជាតិសម្រាប់ការអភិវឌ្ឍជីវបច្ចេកវិទ្យាបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារថា ថ្នាំនេះត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពក្នុងការសាកល្បងគ្លីនិក ដោយអង្គការវេជ្ជសាស្ត្រពីរនៅក្នុងប្រទេស។ លោកនាយកបាននិយាយថា ការធ្វើតេស្តនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Wuhan និង Shenzhen ហើយមានការចូលរួមពីអ្នកជំងឺចំនួនសរុប ៣២០នាក់។

    លោកនាយកបាននិយាយថា ការធ្វើតេស្តនៅវូហានបានរកឃើញថា ជាមធ្យមពួកគេប្រើរយៈពេល ២.៥ថ្ងៃ សម្រាប់ឱ្យសីតុណ្ហភាពមកជាធម្មតា ចំពោះអ្នកដែលបានប្រើថ្នាំប្រឆាំងផ្ដាសាយ Avigan ខណៈវាត្រូវចំណាយពេលជាមធ្យម ៤.២ថ្ងៃ សម្រាប់អ្នកដែលមិនបានលេបថ្នាំនេះ។ គាត់បានបន្ថែមទៀតថា អ្នកជំងឺដែលត្រូវបានគេឱ្យថ្នាំអាចបាត់ក្អក ក្នុងរយៈពេលជាមធ្យម ៤ថ្ងៃ បើប្រៀបធៀបទៅនឹងអ្នកដែលមិនត្រូវបានគេឱ្យថ្នាំ ដោយប្រើពេលជិត ៦ថ្ងៃ ទើបបាត់ក្អក។ លោកបានបន្ថែមថាថ្នាំ Avigan នេះមិនមានផលប៉ះពាល់អ្វីទេ។

    ក្នុងការធ្វើតេស្តនៅទីក្រុង ​Shenzhen លោកនាយកបាននិយាយថា អ្នកដែលត្រូវបានគេឱ្យថ្នាំបន្ទាប់ពីបានធ្វើតេស្តវិជ្ជមានចំពោះវីរុស បានប្រែទៅជាអវិជ្ជមានបន្ទាប់ពីរយៈពេលជាមធ្យម ៤ថ្ងៃ ខណៈដែលវីរុសនេះពីមុនត្រូវចំណាយពេលជាមធ្យម ១១ថ្ងៃ។ ការសាកល្បងក៏បានរកឃើញថា រូបថតកាំរស្មី X បញ្ជាក់ពីភាពប្រសើរឡើងនៃស្ថានភាពសួតអ្នកជំងឺ ៩១% នៅពេលបានប្រើថ្នាំនេះ ហើយអ្នកមិនបានប្រើមានភាពប្រសើរបាន ៦២% ប៉ុណ្ណោះ៕

    អត្ថបទ៖ លីដា

    Share This Post: