ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ជនជាតិមូស្លីមរាប់ពាន់នាក់បានបម្រូលផ្ដុំគ្នាក្នុងប្រទេសឥណ្ឌូនេស៊ី​ ទោះបីជាមានការហាមមិនឱ្យមានការជួបជុំគ្នាច្រើនក៏ដោយ

    BY autoadmin March 18, 2020
    ជនជាតិមូស្លីមរាប់ពាន់នាក់បានបម្រូលផ្ដុំគ្នាក្នុងប្រទេសឥណ្ឌូនេស៊ី​ ទោះបីជាមានការហាមមិនឱ្យមានការជួបជុំគ្នាច្រើនក៏ដោយ

    អ្នកធ្វើធម្មយាត្រាមូស្លីមរាប់ពាន់នាក់មកពីទូទាំងទ្វីបអាស៊ី បានប្រមូលផ្តុំគ្នានៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ ទោះបីជាមានការភ័យខ្លាចថា ការជួបជុំរបស់ពួកគេអាចជំរុញការរីករាលដាលនៃវីរុស កូវីដ-១៩ ក៏ដោយ។ នេះគឺទើបតែពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្រឹត្តិការណ៍ស្រដៀងគ្នានេះនៅក្នុងប្រទេសម៉ាឡេស៊ី ដែលបណ្តាលឱ្យមានការឆ្លងជាង ៥០០នាក់។ ប្រភព CNA បានឱ្យដឹងថា ពួកគេនៅតែបន្ដធ្វើព្រឹត្តិការណ៍នោះដដែល ទោះជាអាជ្ញាធរបញ្ចុះបញ្ចូលអ្នករៀបចំឱ្យបញ្ឈប់វាក៏ដោយ។

    អ្នករៀបចំកម្មវិធីម្នាក់បានប្រាប់រ៉យទ័រ នៅពេលដែលត្រូវបានគេសួរអំពីហានិភ័យ ដែលអាចមានការឆ្លងវីរុសនៅក្នុងព្រឹត្តិការណ៍នោះថា ពួកគេមិនបានខ្លាចអ្វីនោះទេ ពួកគេកោតក្រែងតែព្រះរបស់ពួកគេប៉ុណ្ណោះ។ ដោយលោក Mustari Bahranuddin បាននិយាយថា៖«យើងកោតខ្លាចព្រះរបស់យើងជាង។ ដោយសារគ្រប់គ្នាជាមនុស្ស ពួកយើងខ្លាចឈឺ ការស្លាប់។ ប៉ុន្តែវាមានអ្វីមួយច្រើនជាងរាងកាយរបស់យើង នោះគឺវិញ្ញាណរបស់យើង»។

    មន្ត្រីប្រចាំតំបន់ម្នាក់ឈ្មោះ Arifuddin Saeni បាននិយាយថា អ្នករៀបចំបានច្រានចោលសំណើផ្លូវការពីអាជ្ញាធរដើម្បីពន្យាពេលការជួបជុំនេះ។ ហើយក្រុមមន្ត្រីបានប៉ាន់ស្មានថា មានមនុស្សចំនួន ៨,៦៩៥នាក់ បានប្រមូលផ្តុំគ្នារួចរាល់ហើយ នៅ Gowa ជិតក្រុង​ Makassar នៃខេត្ត Sulawesi ខាងត្បូង ដោយបន្ថែមថា ចំនួននេះនឹងពិបាកក្នុងការបញ្ឈប់ដំណើរការការជួបជុំរបស់គេណាស់៕

    អត្ថបទ៖ លីដា
    ប្រភព៖​ channelnewsasia

    Share This Post: